ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ត ម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្សារ ហ៊ុន សែន អង្គស្នួល ជាសាធារណៈជូនប្រជាពលរដ្ឋមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ក្រោមអធិបតីភាពឯកឧត្តម ប្រា ក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ដោយផ្សារមានការលក់ដូរកាន់តែច្រើនឡើងៗ និងមានវ័យចំណាស់ តូបទាំងអស់មានការទ្រុឌទ្រោម និងមិនមានប្រព័ន្ឋលូត្រឹមត្រូវ ជាហេតុធ្វើអោយមានភក់ជ្រាំ និងសំរាម ក្លិនមិនល្អប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋរស់នៅជិតទីនោះ ទើបប្រជាពលរដ្ឋបានស្នើរសុំសាងសង់ផ្សារជាថ្មីទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៏ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឍមណ្ឌលកងកម្លាំងរក្សាសន្តិសុខ បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពើក។ ក្រោយពីទទួលបានសំណើរ របស់ប្រជាពលរដ្ឋខាលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើសំណើរ និងចាត់តាំងអោយឯកឧត្តម នាយឧត្តមសេនីយ៏ សែម សុវណ្ណនី បញ្ជូនកងវិស្វកម្ម សំណង់របស់មជ្ឍមណ្ឌលជាតិចុះពិនិត្យ សិក្សា និងសាងសង់ផ្សារនេះ ជាពីរជំហ៊ាន ដែលជំហ៊ានទី១ចំណាយថវិកាអស់ចំនួន១២០០០ដុល្លា និងជំហ៊ានទី២សាងសង់ផ្សារទំហំ២២.៨ម៉ែត្រគុណ២៦ម៉ែត្រ ដែលមានផ្ទៃបាតខាងក្រោមចាក់បេតុងលើកកំពស់០.៥ម៉ែត្រពីដី និងផ្នែកខាងលើចាក់សសរបេតុង ប្រក់ដំបូលស័ង្កសី រួចជាស្ថាពរ នៅចុងខែវិច្ជិកា ឆ្នាំ២០១៨ ដោយចំណាយថវិកា៤៨៧០០ដុល្លា។ដោយឡែកតូបនៅក្នុងផ្សារគឺប្រជាពលរដ្ឋដែលជាអាជីវករបានសាង់សង់ផ្ទាល់រៀងៗខ្លួន ដែលមានតូបសរុបមានចំនួន៤៦តូប សាងសង់រួចរាល់ ។