ក្រុមអាជីវករមួយចំនួនបានឲ្យដឹងថា ពួកគាត់ដឹកទំនិញតាមរថយន្តតូចធំ និងតាមរ៉ឺម៉កម៉ូតូ ចេញចូលតាម ច្រកតំបន់បឹងត្រកួន សព្វថ្ងៃនេះ គឺត្រូវចំណាយយ៉ាងច្រើនសម្រាប់ ក្រុមមន្ត្រីគយនិង សមត្ថកិច្ចពុក រលួយ ហើយស្ទើរតែគ្មាននៅសល់កម្រៃសម្រាប់ទិញអង្ករច្រកឆ្នាំង។ ដោយហេតុថាសម្រាប់រថយន្តដឹកទំនិញប្រភេទហុកឡ ត្រូវបង់លុយឲ្យខាងសមត្ថកិច្ចទំនាក់ទំនងព្រំដែន៥ម៉ឺនរៀល បង់ឲ្យនគរបាលវរការពារព្រំដែន៨០៧ លោក ឡុង សំណាង ៥ម៉ឺនរៀល បង់ឲ្យមន្ត្រីអាវុធហត្ថឈ្មោះ ចេក សោម ៥ម៉ឺនរៀល បង់ឲ្យគណៈកម្មការច្រកព្រំដែនចំនួន៥ម៉ឺនរៀល នេះមិនទាន់គិតដល់បង់ឲ្យមន្ត្រីគយនៅឡើយទេ។
ប្រភពពីក្រុមអាជីវករនិងប្រជាពលរដ្ឋដែលរកស៊ីនាំចូលទំនិញតាមច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាបច្ចុប្បន្នលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នទៀតគាបយកលុយពីពួកគាត់តាមរបៀបពុករលួយ។
តាមការអះអាងរបស់អាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញចេញចូលតាមច្រកតំបន់បឹងត្រកួន បានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញស្របច្បាប់ឬទំនិញខុសច្បាប់ គឺត្រូវតែបង់លុយតាមការកំណត់របស់សមត្ថកិច្ចច្រើនស្ថាប័នដូចរៀបរាប់ពីខាងលើ។ ក្នុងមួយថ្ងៃៗមានអាជីវករនិងពលរដ្ឋដឹកជញ្ជូនទំនិញចេញចូលតាមរ៉ឺម៉កម៉ូតូ ក៏ដូចជារថយន្តទាំងធុនធំនិងធុនតូចរាប់សិបគ្រឿង ដូច្នេះមន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសនេះទៅទៀតក្រុមឈ្មួញដែលដឹកធ្យូងចូលទៅស្រុកសៀមតាមច្រកបឹងត្រកួន ក៏ដូចជាដឹកកសិផលផ្សេងៗចេញទៅស្រុកសៀម សុទ្ធតែត្រូវបង់លុយតាមការកំណត់របស់ក្រុមសមត្ថកិច្ចពុករលួយមិនអាចតវ៉ាបានទេ។
ជុំវិញបញ្ហាខាងលើនេះអាជីវករនិងប្រជាពលរដ្ឋដែលដឹកទំនិញចេញចូលតាមច្រកតំបន់បឹងត្រកួន បានអំពាវនាវឲ្យលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់កុំឲ្យលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ ក្រុមអាជីវករនិងប្រជាពលរដ្ឋបានលើកឡើងទៀតថា សមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគាបយកលុយពីពួកគាត់ដោយគ្មានការយោគយល់បន្តិចណាឡើយ ប៉ុន្តែពួកគេបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងម៉ូតូគេចពន្ធយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។