សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយ មាន ជ័យ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ មិនទាន់ចាត់វិធានការ ទប់ស្កាត់ករណីក្រុមឈ្មួញ ដឹកជញ្ជូនធ្យូង ចេញទៅស្រុក សៀមរាប់រយតោនក្នុងមួយ ថ្ងៃៗនោះទេ។
ជាងនេះទៅទៀតលោក សួន បវរ អភិបាល ខេត្តបន្ទាយ មានជ័យ សម្ងំស្ងៀម ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈ ដែលព្រៃឈើដែលនៅសេ សសល់ក្នុងខេត្ត បន្ទា យ មានជ័យ និងខេត្តឧត្ដរមានជ័យ កំពុងប្រឈមនឹងសេចក្ដីវិនាសនាពេលឆាប់ ៗខាងមុខនេះ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញចំពោះបញ្ហាខាងលើនេះព្រោះសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម តាមច្រកតំបន់បឹងត្រកួន និងច្រករបៀងប្រាសាទត្បែង កំពុងធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ប្រឈមនឹងសេចក្ដីវិនាសសាបសូន្យ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-សៀម ក្បែរច្រកបឹងត្រកួន បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅតែមានឈ្មួញមួយចំនួនសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមតាមច្រកបឹងត្រកួន ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីនៅច្រកបឹងត្រកួន មួយចំនួនក៏បានឲ្យដឹងដែរថា សមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកតំបន់បឹងត្រកួន គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមរាប់រយតោនក្នុងមួយថ្ងៃៗដើម្បីជាថ្នូរនឹងផល ប្រ យោ ជន៍ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បញ្ហានេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ត្រូវប្រឈមនឹងសេចក្ដីវិនាសព្រោះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ មិនចាត់វិធានការទប់ស្កាត់ករណីក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមនោះឡើយ។
តាមការបង្ហើបពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម តាមច្រកតំបន់បឹងត្រកួន បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទេនោះ គឺពួកគេមិនអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមបានឡើយ។ ក្នុងចំណោមឈ្មួញដែលដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម តាមច្រកបឹងត្រកួន ច្រើនជាងគេគឺឈ្មួញឈ្មោះ បារាំង ហើយបច្ចុប្បន្នឈ្មួញម្នាក់នេះសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម តាមច្រករបៀងប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មារ ជិតជើងភ្នំដងរែកផងដែរ។ ឈ្មួញឈ្មោះ បារាំង ត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយសមត្ថកិច្ចនៅច្រកបឹងត្រកួន ក៏ដូចជាសមត្ថកិច្ចនៅច្រករបៀងប្រាសាទត្បែង ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមបានដោយសេរី ៕