ថ្មីៗនេះលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត មេនគរបាលអន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលល្បី ល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ និងទង្វើមិន ប្រក្រតីច្រើនបែបច្រើនយ៉ាងត្រូវបានដកចេញពីតំណែងរួចទៅហើយ។ ក៏ប៉ុន្តែសម្រាប់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយមិនទាន់ត្រូវបានដកហូតចេញពីតំណែងនៅឡើយទេ បើទោះបីក្រុមឈ្មួញនិងក្រុមអាជីវករបើកកកាយទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់លោក កើត ដារ៉ាស៊ី ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ប្រភពខ្លះបានឲ្យដឹងថា ដោយសារលោក កើត ដារ៉ាស៊ី មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ក្នុងខណៈដែលលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រក្សាភាពស្ងៀមស្ងាត់។
ក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ ជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក កើត ដារ៉ាស៊ី នៅឡើយទេ។ ដូច្នេះហើយទើបលោក កើត ដារ៉ាស៊ី មេនគបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនព្រោះអាងមានខ្នងបង្អែករឹងមាំ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកត្រពាំងស្រែ បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះលោក កើត ដារ៉ាស៊ី បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើតាមរថយន្តប្រភេទវ៉េអងជាច្រើនគ្រឿងចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើលោក កើត ដារ៉ាស៊ី មិនបើកបារ៉ាស់ទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ បានឡើយដែលក្នុងនោះមានទាំងមេឈ្មួញ សឹង សំអុល មេឈ្មួញ តុប វីដា និងមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ផងដែរ។ មន្ត្រីនៅច្រកត្រពាំងស្រែ បានបញ្ជាក់ថាលោក កើត ដារ៉ាស៊ី ជាអ្នកមានសិទ្ធិអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ គាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗដោយអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្បាលរថយន្តឬលុយថ្លៃបាយថ្លៃទឹកសម្រាប់លោក កើត ដារ៉ាស៊ី និងបក្ខពួកនោះឡើយ។ ដូច្នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយឲ្យលោក កើត ដារ៉ាស៊ី ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ ៕