ប្រភពពីមន្ត្រីពាក់ព័ន្ធនៅ ច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា គ្រាន់ តែទទួល បានតំណែង ជាប្រធានការិយាល័យគយ ច្រកព្រែកចាក មិនទាន់បានមួយ ខែផងស្រាប់តែលោក យី ថុល ប្រើតួនាទីនិង អំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា គ្រាន់តែមកកាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាកភ្លាម គឺលោក យី ថុល បានចាត់តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគាបយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាមច្រកព្រែកចាក យ៉ាងគឃ្លើន។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក យី ថុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ផងដែរ។
លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត គឺជារឿងមិនអាចបិទបាំងបានឡើយ ព្រោះលោក យី ថុល មកកាន់តំណែងមួយរយៈពេលខ្លីសោះក៏ប្រើអំណាចនិងតួនាទីរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក យី ថុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ផងដែរដូច្នេះហើយទើបលោក យី ថុល មានអំណាចកាន់តែធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក យី ថុល ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីគយរូបនេះ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល បានឲ្យដឹងថា ពេលមកធ្វើជាមេគយច្រកព្រែកចាកភ្លាមនោះ គឺលោក យី ថុល បានបញ្ជាឲ្យលោក រស់ សាត ដែលជាអនុប្រធានស្នាក់ការ ព្រមទាំងបក្ខពួក២នាក់ទៀតពិនិត្យមើលឡើងវិញចំពោះការនាំចូលនាំចេញទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែកចាក។ ក្រោយពេលទទួលបញ្ជានេះលោក រស់ សាត និងបក្ខពួកបានរឹតបន្តឹងគាបយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាមច្រកព្រែកចាកយ៉ាងកំរោលតែម្តង ហើយលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗបន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ព្រមទាំងបក្ខពួកខ្លះៗផង។
បើតាមការបង្ហើបពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថាលោក យី ថុល ល្បីល្បាញតាំងពីនៅធ្វើជាមេគយច្រក៤០០ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ហើយនៅពេលប្ដូរមកធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ជំនួសលោក ញ៉ែម សេង គឺលោក យី ថុល ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។
ប្រភពពីមន្ត្រីគយនៅខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រែកចាក គឺបង់ពន្ធត្រឹមតែ៣០ភាគរយទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺលោក យី ថុល ឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយឈ្មួញយ៉ាងសុខស្រួល។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យមើលឡើងវិញជាបន្ទាន់ព្រោះគ្រាន់តែមកកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មិនទាន់មួយខែស្រួលបួលផងបែរជាលោក យី ថុល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ៕