ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ថ្លែងក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩
១-ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដូច្នេះការធានាភស្តុភាសម្រាប់កងទ័ព ការងារចិញ្ចឹមទ័ព ការងារត្រៀមបំប៉នសុខភាព កា យសម្បទា គឺជាការងារសំខាន់។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានជំរុញដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងនោះបានយកចិត្តទុកដាក់ដឹកនាំបញ្ជាណែនាំការធានាភស្តុភារ ជូនកងទ័ពប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ទាន់ពេលវេលា និងដល់ដៃកងទ័ព សំដៅលើកកម្ពស់ជីវភាពកងទ័ពឱ្យកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀត ស្របទៅនឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន។
២-វគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩គឺជាវគ្គបណ្ដុះបណ្ដាលសំខាន់ និងជាវគ្គទី១ ប៉ុន្តែយន្តការយើងត្រូវមានវគ្គបន្តបន្ទាប់ទៀត។ ការបណ្ដុះបណ្ដាលត្រូវធានានូវចំណុចមួយចំនួនរួមមាន ៖
ទី១ នាយទាហានដែលបញ្ជូនមក ត្រូវធ្វើការឲ្យចំជំនាញ។ ហើយការងារដែលសំខាន់ហើយបន្ទាន់បំផុតសម្រាប់ការងារហ្វឹកហ្វឺនគឺនាយទាហានបន្តវេនដែលមានសមត្ថភាព ទាំងទ្រឹស្ដី បទពិសោធន៍ ឯកសារ និងការអនុវត្ត។ទី២ គឺការពង្រឹងកម្មវិធីបណ្ដុះបណ្ដាល និងការគ្រប់គ្រងវគ្គនីមួយៗ ។ ដូច្នេះ ចំណុចទាំងពីរនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាល។
៣-អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការឯកភាពលើរបៀបរបបធ្វើការងារផ្នែកភស្តុភារ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តដឹកនាំការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជំរុញឱ្យមានការអនុវត្តបានត្រឹមត្រូវ, ឯកភាពគ្នា និងព្រមៗគ្នា ទាំងការងារធ្វើផែនការ, ការគ្រប់គ្រង, ការបែងចែក និងការបើកចែកដល់ដៃយោធិនគ្រប់ៗរូបឱ្យបានទាន់ពេលវេលា និងធានាបានទាំងបរិមាណ និងគុណភាព ជាពិសេសត្រូវចាត់តាំងបញ្ជូនយោធិនក្នុងកងឯកភាពមកបណ្តុះបណ្តាលបំប៉នជំនាញ តាមផែនការដែលបានដាក់ចេញ។
៤-តទៅមុខទៀត ដូចមានគ្រោងក្នុងផែនការឆ្នាំ២០២០ រួចហើយ នឹងមានការបើកវគ្គបំប៉នជំនាញភស្តុភារនេះជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តភាពការងារក្នុងជំនាញនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ខ្ញុំសង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកទាំងចំណេះដឹង និងចំណេះធ្វើពីយោធាចារ្យជំនាញ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។