ខេត្តពោធិ៍សាត់ ៖ ប្រភពពីមន្ត្រីរាជការនៅក្នុងអង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការដែលលោក ម៉ា សំអាត ហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះ អំពើពុករលួយរបស់លោក ម៉ា សំអាត ប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ ក៏មានជាប់ពាក់ព័ន្ធជាមួយលោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ព្រមទាំងបក្ខពួកផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួល។ ឥឡូវនេះលោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងបក្ខពួក២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ចាប់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែលោក ម៉ា សំអាត បែរជាអាចគេចផុតពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
ទោះបីបណ្ដាញព័ត៌មានានាបានចុះផ្សាយជាបន្តបន្ទាប់ជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក ម៉ា សំអាត កាន់តែបានចិត្ត ហើយបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ជាពិសេសទាក់ទងទៅនឹងការបង់ពន្ធដីធ្លី អចលនទ្រព្យ យ៉ាងងងើលតែម្តង។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទបស្កាត់អំពើពុករលួយរបស់លោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ជាបន្ទាន់ ព្រោះរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ម៉ា សំអាត ជារឿងមិនអាចបិទបាំងបាននោះទេ។
បើតាមការបង្ហើបពីមន្ត្រីនៅក្នុងអង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងមកលោក ម៉ា សំអាត និងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក តាមរយៈការគាបយកលុយពីប្រជាពលរដ្ឋដែលទៅបង់ពន្ធដីធ្លីអចលនទ្រព្យ ឬការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ម៉ា សំអាត មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយលោក លៀម ប៊ុនរឿន ដែលជាប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត ផងដែរ ព្រោះមន្ត្រីរូបនេះល្បីល្បាញខាងពុករលួយប្រមាណជិត២ឆ្នាំមកហើយ។ មន្ត្រីនៅក្នុងអង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ បានលើកឡើងថា ចាប់តាំងពីលោក ម៉ា សំអាត ទទួលបានតំណែងជាប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ គឺលោក ម៉ា សំអាត ពង្រឹងបណ្ដាញពុករលួយយ៉ាងពេញបន្ទុក។