ខេត្តតាកែវ ៖ មហាជនមានការងឿងឆ្ងន់យ៉ាងខ្លាំងបាននិយាយតៗគ្នា ហើយក៏មានផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ ថា ហេតុអ្វីបានជាផ្លូវនេះអភិវឌ្ឍពីផ្លូវក្រាលកៅស៊ូមកជាផ្លូវលំទៅវិញ?
ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងជាមួយនិងការរិះគន់ទៅអាជ្ញាធរខេត្តថា ការចាយវាយថវិកាជាតិដោយគ្មានតម្លាភាពទើបធ្វើឲ្យផ្លូវកៅស៊ូក្លាយទៅជាផ្លូវលំដីគ្រួសទៅវិញ ។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីផ្លូវកៅស៊ូមួយខ្សែស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានរងការខូចខាតយ៉ាងដំណំ ក្រោយពីបានស្ថាបនាឡើងមិនបានប៉ុន្មានឆ្នាំផងសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។
ដោយឃើញថា ផ្លូវមានការខូចខាតហើយនោះ អាជ្ញាធរបានយកអាចម៍ដីមកចាក់ពង្រាយលើផ្លូវកៅស៊ូដែលខូច សម្រាប់សម្រួលការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋឡើងវិញ ទើបធ្វើឲ្យក្រុមប្រជាពលរដ្ឋរិះគន់ទៅអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធថា មិនគួរស្ថាបនាផ្លូវគ្មានគុណភាពធ្វើឲ្យខាតលុយជាតិបែបនេះសោះ ព្រោះស្ថាបនាឡើងបានតែពីរ បីឆ្នាំសោះខូចស្ទើរក្លាយទៅជាប្រឡាយទឹកទៅហើយ។
ជាមួយគ្នានោះផងដែរ កមានគណនេយ្យហ្វេសប៊ុកមួយបានសរសរបង្ហោះលើបណ្តាញសង្គមផងដែរ ដោយសរសេរពីការលំបាកនៃការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូដែលខូចមួយខ្សែនេះ និងបានសរសេររិះគន់ថា អាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុនដេញថ្លៃស្ថាបនាសាងសង់ផ្លូវគ្មានគុណភាព នឹងស្តង់ដារ។
បើយោងតាមទិដ្ឋភាពជាក់ស្តែងឃើញនៅក្រុងមានផ្លូវជាច្រើនត្រូវបានស្ថាបនាឡើងយ៉ាងល្អ រំលេចដោយភ្លើងលម្អរ មានទ្រូងផ្លូវ ដែលធ្វើឲ្យមានការចាប់អារម្ភពីសំណាក់មហាជនជិតឆ្ងាយផងដែរ។ តែអ្វីដែលប្លែកនោះគឺផ្លូវមួយខ្សែរដែលចេញពីតោពីរទៅភូមិចកដែលកសាងឡើងមិនយូរប៉ុន្មានផងក៏ត្រូវបានបែកខ្ទេចទៅវិញ ហើយត្រូវបានយកដីសមកចាក់លើផ្លូវកៅស៊ូទៅវិញ ឬម្យ៉ាងទៀតហៅថាអភិវឌ្ឍពីផ្លូវកៅស៊ូមកជាលំវិញ ។
ទាក់ទិននឹងបញ្ហាផ្លូវនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលខេត្តបានទេនៅថ្ងៃទី ២៨ សីហា ២០១៩ នេះពេលដែលខលទូរស័ព្ទចូលលោកក៏បានប្រាប់ថាជាប់រវល់ប្រជុំ ។