ខេត្តតាកែវ ៖ បញ្ហាមេឈ្មួញជីកកកាយដីសាធារណៈរបស់រដ្ឋ ធ្វើអាជីវកម្មដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួននោះកំពុងតែមានលក្ខណៈបែបអាណាធិបតេយ្យបំផុត ហើយរណ្តៅដីនីមួយៗ មានជម្រៅជ្រៅស្ទើរដល់ក្បាលប្រែតទៅហើយ តែមិនមានអាជ្ញាធរខេត្ត ស្រុកឬក៏ជំនាញរ៉ែថាមពលខេត្តចេញមុខដើម្បីមានវិធានការទប់ស្តាតឡើយ គឺឈ្មួញជីកកកាយដីលក់ដោយសេរីបានយ៉ាងរលូនបំផុត។
ប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃផ្អាវឃំុរនាមស្រុកទ្រាំងខេត្តតាកែវបាននិយាយរៀបរាប់ប្រាប់អង្គភាពយើងអោយដឹងថាចំពោះក្នុងភូមិរបស់ពួកគាត់នេះគេឃើញមានរណ្តៅដីធំៗនឹងជ្រៅៗបំផុតដែលគួរឲ្យបារម្ភដែលឈ្មួញបានកាយយកដីលក់រាប់ឆ្នាំមកហើយៗក៏មិនដែលឃើញមានអាជ្ញាធរខេត្ត ស្រុកឬក៏សមត្ថកិច្ចណាម្នាក់ចុះមកហាមឃាត់ក្រុមឈ្មួញដែលយកគ្រឿងចក្រមកកាយដីយកទៅលក់ម្តងណាឡើយបញ្ហានេះវាហាក់បីដូចជាមានការត្រូវរ៉ូវគ្នាទៅហើយ។
ប្រជាពលរដ្ឋដដែលបានបន្តទៀតថាដីនៅតំបន់នេះគេហៅថាព្រៃលើនឹងជាដីសាធារណៈរបស់រដ្ឋថែមទៀតផង ព្រោះតែផលប្រយោជន៍អស់លោកថ្នាក់ខេត្ត ស្រុកនឹងមន្ទីរជំនាញបែរជាឃុបឃិតគ្នាអោយឈ្មួញជីកកកាយយកដីលក់រហូតក្លាយជារណ្តៅមានជំរៅជ្រៅជាច្រើនកន្លែងហើយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់ពួកគាត់នឹងបានហាមមិនអោយទៅលេងឬយកគោទៅមើលនៅទីនោះឡើយដោយសាក្លាចដើរធ្លាក់ទៅក្នុងរណ្តៅដីទាំងអស់នោះលក់ទឹកស្លាប់ព្រោះបញ្ហានេះពួកគាត់មិនដឹងជាទៅប្តឹងអ្នកណាបើសូម្បីតែអាជ្ញាធរគេមិនបានខ្វល់សោះនោះ។
ទាក់ទិនទៅនឹងករណីឈ្មួញកំពង់តែជីកកាយដីលក់រហូតក្លាយជារណ្តៅខាងលើនេះលោក ឈួន ផានី អភិបាលស្រុកទ្រាំងបានបដិសេធថាចំពោះឈ្មួញកំពង់តែជីកកកាយដីយកលក់នេះគឺលោកមិនបានដឹងឡើយព្រោះមេឃំុមិនប្រាប់។
ចំណែកលោកផេង វុធ ប្រធានមន្ទីររ៉ែថាមពលខេត្តបានអោយដឹងថា ចំពោះការកាយដីលក់នេះគឺគេសុទ្ធតែមានអាជ្ញាប័ណ្ណត្រឹមត្រូវហើយចំពោះការជីដីលក់នេះគឺអាជ្ញាប័ណ្ណចេញត្រឹមខេត្តប៉ុណ្ណោះ ។