ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃម្នាក់ប្រហែលចាញ់ល្បែងអស់លុយបែកគំនិតចូលក្នុងផ្ទះគេលួចយកម៉ូតូ១គ្រឿងទៅបាត់ស៊យប៉ះចំផ្ទះមានកាមេរ៉ាសុវត្ថិភាពត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុមដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូមេបញ្ជាការមូលដ្ឋានបានចុះស្រាវជ្រាវឈានដល់ឃាត់បាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រីនួននីណារ៉ូបានឲ្យដឹងថាបើតាមការអះអាងរបស់ម្ចាស់ម៉ូតូបានប្រាប់កំលាំងអាវុធហត្ថថាខ្លួនមាន ឈ្មោះ លី ប៊ុនហួរ ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនៅថ្ងៃកើតហេតុនោះខ្លួនបានជិះម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ទៅចូលរួមកម្មវិធីជប់លៀង រហូតដល់ម៉ោងប្រមាណ ៣ទាបភ្លឺ ទើបត្រឡប់មកផ្ទះវិញ និងទុកម៉ូតូក្នុងផ្ទះ បានបិទទ្វារកញ្ចក់ មិនបានបិទទ្វាររូតពីខាងក្រៅទេ ហើយក៏ចូលសម្រាក លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូពីក្នុងផ្ទះ ខ្លួនក៏មកដាក់ពាក្យបណ្តឹងតែម្តង ។
លោកវរសេនីយ៍ត្រី នួននីណារ៉ូ បានបន្តថាក្រោយទទួលបានពាក្យប្តឹងហើយកំលាំងរបស់លោកបានមើលតាមកាមេរ៉ាសុវត្ថិភាពហើយបានចុះឃាត់ខ្លួនជនសង្ស័យ បាន១នាក់ ឈ្មោះ លី គីម ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិថៃ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តលោកបានឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូ ដែលមានភិនភាគខាងលើ ពិតប្រាកដមែន ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យហើយត្រូវបានចោទប្រកាន់ពីបទលួចម៉ូតូជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ចំណែកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ។