ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារថ្នាក់ជាតិបានចាប់ផ្តើមធ្វើការស្តារ ជួសជុលអាងកណ្តោលក្នុងឃុំទឹកថ្លា ក្រុងសិរីសោភ័ណដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណមួយនេះ ឱ្យមានភាពរឹងមាំ ធានារក្សាទឹកទុកបានច្រើនសម្រាប់ ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មប្រជាពលរដ្ឋ ក្នុងតំបន់នេះដែលតែងតែជួបបញ្ហា លំបាកនោះ។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពស្តារអាងនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានជំរុញឱ្យក្រុមជំនាញត្រូវប្រឹងប្រែងបង្កើនសកម្មភាពការស្តារ ជួសជុលអាងកណ្តោលនេះដោយធ្វើយ៉ាងណាឱ្យបានលឿន ធានាបានភាពរឹងមាំរក្សា ទឹកទុកបានច្រើន សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណនេះកុំឱ្យ មានការខ្វះខាតទឹកប្រើប្រាស់៕