ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩ អាជ្ញាធរខេត្តកំពតបានរៀបចំនូវកម្មពិធី ពិសារសាច់ជ្រូកសុវត្ថិភាពក្រោមការចូលរួមពីឯកឧត្ដមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានសិស្សនិស្សិតប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាល។
នៅក្នុងឱកាសនោះលោក ចាន់ រិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពត បានឲ្យដឹងថាតាមស្ថិតិសត្វជ្រូកនៅក្នុងខេត្តកំពត សរុបមានចំនួន ៨៩ ៦០១ក្បាល ចំណែកឯស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មាន២០កន្លែង មានសត្វជ្រូកសរុបចំនួន ២១ ១៥៥ក្បាល។ ក្នុងឆមាសទី១ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំរំងាប់មេរោគ) នៅកន្លែងចិញ្ចឹមជ្រូក បានចំនួន ៦៧កន្លែង នៅតាមភូមិដ្ឋាន និងទ្រុងចិញ្ចឹមរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋ បានចំនួន១៧ដង , សត្តឃាតដ្ឋាន ៩៩ដង និងតាមផ្លូវជាតិចំនួន ៧ដង។
ជាងនេះទៅទៀត ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៩ មន្ត្រីជំនាញបានដកហូត និងគំទេច គ្រឿងក្នុងជ្រូក ៦៧គឺឡូក្រាម, ផ្ទាំងសាច់សត្វជ្រូកចំនួន ៤៥គីឡូក្រាម ឆ្អឹងជ្រូកឈឺ៣១២គឺឡូក្រាម នៅស្រុកឈូក ដែលនាំចូលពីខេត្តតាកែវ ដកហូត និងកប់សត្វជ្រូកឈឺទាំងមូលចំនួនមួយក្បាលទម្ងន់ ១៦០គីឡូក្រាមនៅស្រុកអង្គរជ័យ ដែលនាំចូលពីខេត្តតាកែវ, បានដកហូត និងដុតកំទេចសាច់លាយឆ្អឹងសត្វជ្រូកឈឺចំនួន ៣៥គីឡូក្រាម នៅក្រុងកំពតផងដែរ ។
ថ្លែងនៅក្នុងពិធីពិសារសាច់ជ្រូកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ជំងឺប៉េសជ្រូកអាហ្វ្រិកជាជំងឺឆ្លងរាតត្បាតខ្លាំង ដែលចម្លងពីសត្វជ្រូកទៅសត្វជ្រូក និងរវាងសត្វជ្រូកស្រុក និងសត្វជ្រូកព្រៃតែប៉ុណ្ណោះ ហើយជំងឺនេះមិនមានការឆ្លង ឬបង្កផលអវិជ្ជមាន មកលើសុខភាពមនុស្សឡើយ។ ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំយល់ច្រលំ ហើយសូមចូលរួមពិសារសាច់ជ្រូកឲ្យបានដូចពេលធម្មតាវិញ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថានៅក្នុងរយៈពេលដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសកម្ពុជា មានមតិមួយចំនួនបានលើកឡើងថា ការពិសាសាច់ជ្រូក អាចមានផលប៉ះពាល់ចំពោះសុខភាពមនុស្ស តែក្នុងពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សូមបញ្ជាក់ដដែលថា ការបរិភោគសាច់ជ្រូកដែលឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពីសមត្ថកិច្ចជំនាញបសុពេទ្យ និងឆ្លងកាត់ការចំអិនជាធម្មតា នៅតែមានសុវត្ថិភាព ចំពោះសុខភាពមនុស្ស។
សូមបញ្ជាក់ថា កម្មវិធីពិសាសាច់ជ្រូក សុវត្ថិភាពនេះរៀបចំឡើងដោយមន្ទីរកសិកម្មខេត្តកំពត សហការជាមួយក្រុមហ៊ុនស៊ីភី បានរៀបចំជ្រូកខ្វៃចំនួន ១៥ក្បាល នំបុ័ងចំនួន៤០០ដើម និងទឹកសុទ្ធ ៥០កេស ពិសារួមគ្នាដើម្បីបង្ហាញឲ្យសាធារណៈជនទាំងអស់ បានយល់ឲ្យកាន់តែច្បាស់ថា ការពិសាសាច់ជ្រូកនៅតែមានសុវត្ថិភាព និងមានសារៈសំខាន់ចំពោះសុខភាពមនុស្ស៕