យោងតាមពាក្យបណ្តឹង របស់លោកស្រី ផាត់ ពៅ ម្ដាយសពកញ្ញា ឌុំ រីដា បានបង្ហាញថា ករណីរថយន្ត Range Rover បើកបរដោយយុវតី យិន ម៉ាណា កូនស្រីរបស់លោក យិន ហ្គិច ក្រុមប្រឹក្សាខេត្តសៀមរាប បុកកូនស្រីរបស់គាត់បណ្តាលឲ្យស្លាប់នោះ គាត់ប្តឹងទាមទារសំណងរដ្ឋប្បវេណីពីជនបង្កចំនួន២០មុឺនដុល្លារអាមេរិក។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ យុវតី យិន ម៉ាណា ត្រូវបានលោក យិន ហ្គិច ដែលជាឪពុកនាំមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី២៦ ខែមីនា ដោយសារយុវតីរូបនោះបានបើករថយន្តទំនើប Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ក្នុងល្បឿនយ៉ាងលឿន បុកយុវសិស្ស ឌុំ រីដា ពេញទំហឹង ខណៈយុវសិស្ស រីដា កំពុងបើកម៉ូតូតាមដងផ្លូវ បណ្តាលឲ្យប៉ើងទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់នៅហ្នឹងកន្លែង។
ក្រោយពីបុករួច ម្ចាស់រថយន្ត Range Rover បានបោះពួយទៅបាត់។ តែយ៉ាងណា សកម្មភាពនោះត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ហើយសមត្ថកិច្ចបានរកឃើញរថយន្តនោះនៅយប់ថ្ងៃដដែល ព្រមទាំងកំណត់បានម្ចាស់រថយន្តថែមទៀត។
យ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ មានការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ក៏ដូចជាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ៕