ខេត្តត្បូងឃ្មុំ៖ កន្លងមកទោះបីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការក្តៅ ដោយតម្រូវឱ្យបណ្តាខេត្ត ដែលនៅជាប់តាមបណ្តាព្រំដែន ជាមួយនឹងប្រទេសវៀតណាម ត្រូវទប់ស្កាត់មិនឲ្យមានលំហូរចេញឈើប្រណីតឱ្យមានប្រសិទ្ធភាព ។ទោះជាបែបនេះក្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានរថយន្តដឹកឈើធុនយក្សបានសម្រុកដឹកចេញតាមច្រកទន្លេចាមនិងច្រកនានា នៅក្នុងស្រុកមេមត់ ដោយក្នុង១គ្រឿងៗ អាចមានទម្ងន់រហូតដល់ទៅរាប់តោនចូលទៅក្នុងប្រទេសវៀតណាម បានយ៉ាងរលូតដោយពុំមានការរំខានណាមួយ ពីលោកប្រធានច្រក
និងស្ថាប័នពាក់ព័ន្ធនានានោះឡើយ សង្ស័យយូរៗបើកម្តង ព្រោះអត់ស៊ីយូរហើយ ។តាមប្រភពក្រុមអ្នកព័ត៌មានបានទម្លាយឱ្យដឹងថា ប្រមាណជាមួយសប្តាហ៍ទៅនេះឃើញ មានរថយន្តប្រភេទធុនធំ បានដឹកឈើប្រណីតចេញពីខេត្តស្ទឹងត្រែង និងស្រុកកោះញែក ខេត្តមណ្ឌលគិរី មានរហូតដល់ទៅជាង១០គ្រឿង ដោយកាត់តាមផ្លូវជាតិលេខ៧ ស្របពេលដែលបើកមកដល់ក្នុងទឹកដីស្រុកមេមត់ ក៏បានចេញតាមច្រកនានា ក្នុងនោះ មានទាំងច្រកទន្លេចាមខាងលើ ត្រូវបានក្រុមឈ្មួញមុខខ្មូតសង្ស័យមុខដដែលៗ បានចេញទៅវៀតណាម ដោយស្រួល១០០ភាគរយ ។ ប្រភពច្បាស់ការបានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី០៩ មីនា ២០១៩ កន្លងទៅ មានរថយន្តធុនយក្សចំនួន២គ្រឿង បានដឹកឈើប្រណីតពីខេត្តមណ្ឌលគីរីបំរុងចេញតាមច្រកទន្លេចាម ដោយបានបើកកាត់មុខស្នាក់ការគយបានចូលទៅក្នុងប្រទេសវៀតណាម ហើយក៏មិនបានឃើញលោកប្រធានច្រក និងមន្ត្រីផ្សេងៗចេញមុខមកសួរនាំអ្វីនោះទេ ក្នុងគ្រានោះក្រុមអ្នកសារព័ត៌មានជាច្រើននាក់ បានត្រឹមតែថតផ្តិតយករូបភាពតែប៉ុណ្ណោះ ។ហើយមកដល់ថ្ងៃទី១៣ មីនា ២០១៩ នៅត្រង់ទីតាំងចំការកៅស៊ូ«ធី៧៣» ម្តុំស្ពានជ្រាវក្នុងស្រុកមេមត់ ដែលមានព្រំប្រទល់ជាមួយនឹងខេត្តក្រចេះ មានគំនរឈើនិងរថយន្តវេអងធុនយក្ស មានដឹកឈើដោយក្រុមអ្នកពត៌មានបានថតយករូបភាព និងបានរាយការណ៏ទៅដល់ស្ថាប័នពាក់ព័ន្ធផងដែរ។
លោកឧត្តមសេនីយ៍ វ៉ាសារិទ្ធ មេបញ្ជាកងអាវុធហត្ថខេត្តត្បូងឃ្មុំប្រាប់ឲ្យដឹងថា យោងតាមការណែនាំរបស់លោកអភិបាលខេត្ត បានចាត់ឲ្យកងកម្លាំងកងអាវុធហត្ថខេត្តសហការជាមួយកំលាំងចំរុះបានចុះទៅទីតាំងចំការកៅស៊ូ៧៣ បានប្រទះឃើញគំនរឈើនិងរថយន្តវេអងចំនួន២គ្រឿង នៅយប់ថ្ងៃទី១៣ មីនាឆ្នាំ២០១៩ ហើយតាមគោលការណ៍របស់គណៈកម្មការថ្នាក់ជាតិបានសម្រេច ឱ្យចាត់ការតាមផ្លូវច្បាប់លើរថយន្តចំនួន២គ្រឿងនោះហើយ ។
រឿងដឹកឈើ២រថយន្តធុនវ៉េអងនេះ ចេញខេត្តមណ្ឌលគិរីដោយ ផ្ទុកឈើពេញៗដែលមន្ត្រីមេព្រៃប្រាប់ថា ជាឈើរបស់ឧកញ៉ា តុប វីរដានាយកក្រុមហ៊ុន វិជ្ជរី អ៊ីមផត អិចផត បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទន្លេចាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈគោលដៅដែលស្នើសុំច្បាប់ដឹកជញ្ជូន គឺត្រូវទៅទម្លាក់ឈើនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។