សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរីបាន ឲ្យដឹងថាឈ្មួញជា ច្រើន នាក់ហើយ ក្រាក់ៗបន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួននោះ មានដូចជា ឈ្មួញឈ្មោះ ឈ្មួញឈ្មោះ ទូច ប៉ែត ប្រើ ប្រាស់រ ថយន្តសាំយ៉ុង១គ្រឿង ឈ្មួញឈ្មោះ នី កាចាញ ប្រើប្រាស់រថយន្តសាំយ៉ុង១ គ្រឿង ឈ្មួញឈ្មោះ ស្រី ពៅ ហៅពៅបាឡែន បានប្រើប្រាស់ រថយន្តបាឡែន២គ្រឿងសម្រាប់ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន។ រីឯឈ្មួញឈ្មោះ យាយគ្រឿង ប្រើប្រាស់រថយន្តសាំយ៉ុង១គ្រឿង ឈ្មួញឈ្មោះ ស្រីល័ក្ខណ៍ ប្រើប្រាស់រថយន្តសាំយ៉ុង១គ្រឿង ឈ្មួញឈ្មោះ ស្រីពៅ ហៅពៅតាកូម៉ា ប្រើប្រាស់រថយន្តតាកូម៉ា១គ្រឿង ឈ្មួញឈ្មោះ ឆែ ប្រើប្រាស់រថយន្តឡិចស៊ីស៥៧០មួយគ្រឿងដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួន។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សម្រុកបើកដៃឲ្យឈ្មួញ៩នាក់ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ឈ្មួញមួយចំនួនមានលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ជាខ្នងបង្អែករឹងមាំហើយឈ្មួញមួយចំនួនទៀតបានយកលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ជាបង្អែកដើម្បីអាចដឹកជញ្ជូនឈើទៅដល់គោលដៅ។ ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឡើយ។
ប្រភពពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញដូចរៀបរាប់ឈ្មោះខាងលើនេះនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន ព្រោះមានលោក អ៊ី ចំរើន ជាអ្នកបើកបារ៉ាស់ច្រកព្រំដែន។ ការដែលលោក អ៊ី ចំរើន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ ជាពិសេសនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ ជាក់ស្ដែងរហូតមកដល់ពេលនេះលោក អ៊ី ចំរើន កំពុងបន្តបើកដៃឲ្យឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគឃ្លើនហើយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បែរជាសម្ងំធ្វើមិនដឹងមិនឮអ្វីទាំងអស់។