ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងក្រុងបានលុង បានឲ្យដឹងថា ម្ចាស់ដីដែលអះអាងថា មានប្លង់ស្លាប មាន់ឆ្នាំ១៩៩៣ នោះឈ្មោះ នុត ស៊ីនួន ហើយបច្ចុប្បន្នដី នៅតំបន់អូរបឹងកន្សែង គឺជាដីដែលមាន តម្លៃ ខ្ពស់ក្នុងខេត្តរតនគិរី។ ដូច្នេះហើយទើប ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុង ក្រុងបានលុង អំពាវនាវម្ដង ហើយម្ដងទៀតឲ្យប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី ចាត់វិធានការទប់ស្កាត់ករណីចាក់ដីលុបអូរបឹងកន្សែង ប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើអ្នកអះអាងថាមានប្លង់ស្លាបមាន់ឆ្នាំ១៩៩៣ នៅតែបន្តសកម្មភាពចាក់ដីលុបដីអូរបឹងកន្សែងយ៉ាងកំរោលបន្តទៀតនោះ គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិតំបន់បឹងកន្សែងដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តរតនគិរីទាំងមូលតែម្តង។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា អូរបឹងកន្សែង ដែលតភ្ជាប់ជាមួយបឹងកន្សែងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រល្បីល្បាញក្នុងខេត្តរតនគិរី កំពុងត្រូវគេចាក់ដីលុបយកធ្វើជាកម្មសិទ្ធិឯកជនដោយសំអាងលើប្លង់ស្លាបមាន់កាលពីឆ្នាំ១៩៩៣។ ក្នុងខណៈដែលមានករណីចាក់ដីលុបអូរបឹងកន្សែងនោះ បែរជាលោក ថង សាវុន អភិបាលខេត្តរតនគិរី សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ប៉ុន្តែប្រជាពលរដ្ឋក្នុងក្រុងបានលុង កំពុងបញ្ចេញប្រតិកម្មយ៉ាងខ្លាំងជុំវិញបញ្ហាចាក់ដីលុបអូរបឹងកន្សែងនេះ។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងបានលុង បានអំពាវនាវឲ្យអាជ្ញាធរក្រុងបានលុង ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តរតនគិរី ចាត់វិធានការទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងតទៅទៀត។
ប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងបានលុង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរក្រុងបានលុង ក៏ដូចជាពីសំណាក់ប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី ទេនោះគឺគ្មាននរណាអាចចាក់ដីលុបអូរបឹងកន្សែងយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះឡើយ។ ក្រោយពេលមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងបានលុង ទើបអ្នកដែលអះអាងថាមានប្លង់ស្លាបមាន់ឆ្នាំ១៩៩៣ ដកគ្រឿងចាកចេញវិញហើយអ្នកសារព័ត៌មានក៏បានផ្សព្វផ្សាយភ្លាមៗផងដែរ ទាក់ទងទៅនឹងបញ្ហាខាងលើនេះ។ ប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចដល់លោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី ចាត់វិធានការកុំឲ្យអ្នកដែលអះអាងថាមានប្លង់ស្លាបមាន់ឆ្នាំ១៩៩៣ ចាក់ដីលុបអូរបឹងកន្សែងបន្តទៀតព្រោះទីនេះជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រក្នុងខេត្តរតនគិរីយើងទាំងអស់គ្នា ។