ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញខ្មែរនិង ឈ្មួញយួនដែល កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើពីក្រុងបានលុង ឆ្លងកាត់ផ្លូវជាតិលេខ៧៨ចេញទៅ ស្រុកយួន សុទ្ធតែមានខ្នងបង្អែករឹងមាំទើបអាចរួចផុតពីការបង្ក្រាប។ ក្នុងនោះលោក ជា តារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កំពុងប្រឈមនឹងការរិះគន់ថា ជាអ្នកកាងឲ្យក្រុមឈ្មួញធំៗដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ ដូច្នេះហើយទើបលោក ជា តារា មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួនម្តងណាឡើយ។ ឈ្មួញមួយចំនួនដែលបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនបានបង្ហើបឲ្យដឹងថា ពួកគេបង់លុយជាប្រចាំទៅឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅប្រកបដោយប្រសិទ្ធភាព ហើយនៅសល់ប្រាក់ចំណេញតិចតួចបំផុត។ ប្រការនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ជា តារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេព្រោះបច្ចុប្បន្នលោក ជា តារា កំពុងល្បីល្បាញរឿងកាងឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក ជា តារា ឡើងកាន់តំណែងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួចមកគឺបទល្មើសព្រៃឈើពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញឈ្មួញមួយចំនួនកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក៏ដូចជាច្រករបៀង១៩និងច្រករបៀងផ្សេងៗទៀតយ៉ាងពេញបន្ទុក។
ក្នុងនោះឈ្មួញម្នាក់តែងដឹកជញ្ជូនឈើប្រណីតមកស្តុកទុកក្នុងឃ្លាំងមួយកន្លែងនៅភូមិបឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនព្រោះលោក ជា តារា មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួននោះទេ។
ប្រភពខ្លះបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនបានយកលោក ជា តារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី ធ្វើជាបង្អែកដើម្បីអាចដឹកជញ្ជូនឈើពីក្រុងបានលុង ឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ជា តារា អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ជាពិសេសការគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ គឺដោយសារអាងមានលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ជាបង្អែកដ៏រឹងមាំផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ស្នងការនគរបាលខេត្តរតនគិរី ទេនោះគឺលោក ជា តារា មិនហ៊ានកាងក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ ៕