ប្រភពពីមន្ត្រីនៅក្នុង មន្ទីរកសិកម្មខេត្តពោធិ៍សាត់បាន ឲ្យដឹងថាការដែលឈ្មួញអាច ដឹកជញ្ជូនឈើ ចេញពីខេត្ត ពោ ធិ៍ សាត់ យ៉ាងគគ្រឹកគគ្រេង គឺមានការឃុបឃិតបើកដៃ ពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្មខេត្ត ពោធិ៍សាត់ និងលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ដែលល្បី ល្បាញខាងពុករលួយ។
លើសនេះទៅទៀតការដែលឈ្មួញអាចចូលកាប់ឈើហើយដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារនិងតំបន់ព្រៃអភិរក្សក្នុងស្រុកវាលវែង ក៏ដូចជាស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
មានន័យថាករណីឈ្មួញឈ្មោះ តាំង អៀង និងឈ្មួញច្រើននាក់ទៀតអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុកគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ក្នុងនោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ត្រូវមជ្ឈដ្ឋាននានាសង្ស័យថាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីបទល្មើសព្រៃឈើផងដែរ ទើបលោក ម៉ៅ ធនិន បណ្ដោយឲ្យបទល្មើសព្រៃឈើក្នុងខេត្តពោធិ៍សាត់ រាលដាលកាន់តែខ្លាំងហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់រាប និងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ តាំង អៀង និងឈ្មួញច្រើននាក់ទៀតកំពុងបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល យ៉ាងពេញបន្ទុកដដែល។ ចំណែកលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានរក្សាភាពស្ងៀមស្ងាត់ដោយមិនចាត់វិធានការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ។ ទន្ទឹមនឹងនេះប្រភពពីមន្ត្រីនៅក្នុងសាលាខេត្តពោធិ៍សាត់ មួយចំនួនបានឲ្យដឹងថា មានឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ខ្លះបានយកឈ្មោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ទៅប្រើប្រាស់ដើម្បីបន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីខេត្តពោធិ៍សាត់ យ៉ាងរលូន។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេល៣ខែចុងក្រោយនេះក្រុមឈ្មួញច្រើននាក់បានកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ដោយគ្មានញញើតអ្វីឡើយ។ ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថា ករណីសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ នាពេលកន្លងមកគឺជារឿងឥតន័យ។
ជាក់ស្ដែងករណីខ្លះសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបានរថយន្តនិងគោយន្តដឹកឈើខុសច្បាប់រាប់សិបគ្រឿងហើយប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី ក៏ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើដោះលែងរថយន្តនិងគោយន្តដឹកឈើទាំងនោះវិញដើម្បីជាថ្នូរនឹងផលប្រយោជន៍ ៕