ក្នុងខណៈដែលលោក ទី ប៊ុនឡង់ និងបក្ខពួក កំពុងឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់ តែច្រើនឡើងៗ គឺលោក ទី ប៊ុនឡង់ និងបក្ខពួកបរិវារបែរជាធ្វើការ គាបយកលុយពីប្រជាពលរដ្ឋនិងអាជីវករតូចតាចដោយពុំមានការយោគយល់ឡើយ។ ហេតុនេះហើយទើបកន្លងមកប្រជាពលរដ្ឋនិងក្រុមអាជីវករតូចតាចបានប្រមូលផ្ដុំគ្នាតវ៉ាមុខស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរខេត្តប៉ៃលិន ក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយដោះស្រាយប្រកបដោយតម្លាភាព។
ប្រភពពីមន្ត្រីគយក្នុងខេត្តប៉ៃលិន បានឲ្យដឹងទៀតថា អំពើពុករលួយតាមច្រើនរូបភាពរបស់លោក ទី ប៊ុនឡង់ និងបក្ខពួកធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗព្រោះលោក ទី ប៊ុនឡង់ អាងមានខ្នងបង្អែករឹងមាំហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ជាបន្ទាន់ព្រោះមួយរយៈពេលចុងក្រោយនេះលោក ទី ប៊ុនឡង់ បង្កើនសកម្មភាពពុករលួយ។
រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានមន្ត្រីនិងភ្នាក់ងារគយខេត្តប៉ៃលិន មួយចំនួនលាតត្រដាងជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធ បានជ្រួតជ្រាបហើយចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែមកដល់ពេលនេះទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តប៉ៃលិន មួយចំនួនបានអះអាងថាការដែលលោក ទី ប៊ុនឡង់ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើននៅពេលនេះ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ផងដែរទើបអ្វីៗអាចប្រពឹត្តទៅដោយរលូន។…
តាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រំ កាន់តែច្រើនឡើងៗដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ទី ប៊ុនឡង់ ដែលកំពុងខំប្រឹងប្រមូលលុយតាមរបៀបពុករលួយ។
ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិព្រំ សព្វថ្ងៃនេះបង់ពន្ធត្រឹម២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិតចែកផលប្រយោជន៍គ្នារវាងលោក ទី ប៊ុនឡង់ និងក្រុមឈ្មួញធំៗយ៉ាងរលូនតែម្តង។ ចំណែកលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន គឺជាអ្នកសម្របសម្រួលឲ្យលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំតែម្តង៕