ប្រភពដែលស្និទ្ធនឹងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤៨ គ្រួសារដែលមានឈ្មោះ ស៊ុយ គឹមហ៊ា និង ឈ្មោះ មិញ ឡេង ជាតំណាងនោះ សុទ្ធតែជាបក្ខពួកបរិវារស៊ីឈ្នួលឈរ ឈ្មោះឲ្យបុគ្គលម្នាក់ឈ្មោះ ទៀ ដែលត្រូវ គេដឹងថាជាកូន ប្រសារ បស់លោក យន្ត មីន តែម្តង។
ប្រភពបានឲ្យដឹងទៀតថា ស្ត្រីឈ្មោះ ស៊ុយ គឹមហ៊ា គឺជាប្រពន្ធរបស់ លោកផ្កាយ២ កុយ ស៊ុន ដែល ជាម ន្ត្រីកងអង្គរក្សល្បីឈ្មោះខាងប្រើអំណាចបំពានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុ ជាមួយឧកញ៉ា ញ៉ក់ គឹមតុង ដែលកំពុងមានដីកានាំខ្លួនពីសំណាក់តុលាការ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ពីលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលផងដែរ។
ប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ២៥/១៨លស ចុះហត្ថលេខាដោយលោក យន្ត មីន គោរពជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សុំគោលការណ៍កាត់ខ្វៀលដីទំហំ២៦ហិកតា៤៥០អា ចេញពីផែនទីគម្របដីព្រៃឈើឆ្នាំ២០០២ ដើម្បីបន្តនីតិវិធីចេញប័ណ្ណថ្មីឲ្យពលរដ្ឋ៤៨គ្រួសារ។ ប្រភពបានឲ្យដឹងទៀតថា ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលលោក យន្ត មីន ស្នើសុំតាមលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ គឺស្ថិតនៅក្នុងភូមិគគីរ ភូមិបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទាក់ទងនឹងបញ្ហានេះបើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក យន្ត មីន បានស្នើសុំកាត់ខ្វៀលដីទំហំ២៦ហិកតា៤៥០អា នោះដើម្បីជាផលប្រយោជន៍បក្ខរបស់គាត់ទៅវិញទេ។
តាមការអះអាងរបស់មន្ត្រីអាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ដីធ្លីមានជម្លោះនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ បច្ចុប្បន្នបានក្លាយទៅជាកម្មសិទ្ធិរបស់អ្នកមានលុយ អ្នកមានអំណាច និងមន្ត្រីប្រដាប់អាវុធមួយចំនួនដែលមានអំណាចខ្លាំងព្រមទាំងមានខ្សែបណ្ដាញយ៉ាងរឹងមាំ។ ជាក់ស្ដែងឈ្មោះ ទា ជាមន្ត្រីយោធាពាក់ផ្កាយ២ ក្នុងកងអង្គរក្ស ត្រូវជាកូនប្រសារបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ គឺជាម្ចាស់ដីមួយផ្នែកធំនៅក្នុងភូមិគគីរ ឃុំបិតត្រាំង នោះដែរ។ មានន័យថាលិខិតរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលស្នើសុំទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីកាត់ខ្វៀលដីទំហំ២៦ហិកតា៤៥០អា ចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីទុកចេញប័ណ្ណថ្មីឲ្យពលរដ្ឋ៤៨គ្រួសារក្នុងភូមិគគីរ គឺគ្រាន់តែជាល្បិចដើម្បីផលប្រយោជន៍បក្ខពួកខ្លួនតែប៉ុណ្ណោះ។ បញ្ហានេះគឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ឡើងវិញលើលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ របស់លោក យន្ត មីន ព្រោះភាពមិនប្រក្រតីនៃសំណើនោះកំពុងត្រូវបើកកកាយជាសាធារណៈ ៕