មន្ត្រីរាជការនៅ ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពី សំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ទេនោះគឺបទល្មើសកាប់ ឈើក្នុងតំបន់ដែនជម្រក សត្វព្រៃភ្នំព្រិច តំបន់អន្ទ្រង តំបន់ដែនជម្រក សត្វព្រៃស្រែពក និងតំបន់អភិរក្សជីវៈ ចម្រុះកែវសីមា មិនអាចកើត ឡើង យ៉ាងរាលដាលដូចសព្វថ្ងៃនោះ ឡើយ។
ប្រភពដែលស្និទ្ធនឹង លោក កែវ សុភគ៌ ប្រធាន មន្ទីរបរិស្ថានខេត្តម ណ្ឌលគិរី បានឲ្យដឹង ថា ការដែលលោក កែវ សុភគ៌ ហ៊ានឃុបឃិតបើកដៃ ឲ្យឈ្មួញធំៗកាប់ឈើនិងដឹកជញ្ជូន ឈើចេញពី ស្រុកកោះញែក និងស្រុកកែវសីមា យ៉ាងរាលដាលគឺ ដោយសារអាងមានខ្នងបង្អែក រឹងមាំនៅក្នុងក្រសួង បរិស្ថាន ។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យឡើង វិញចំពោះបទ ល្មើសបំផ្លាញ ព្រៃឈើក្នុងខេត្តមណ្ឌលគិរី ដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកព្រោះព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច និងនៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា កំពុងរងការបំផ្លាញកាន់តែខ្លាំងក្លាជាងមុនទៅទៀត។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងកើតឡើងយ៉ាងរាលដាលហើយមិនទាន់ឃើញលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់នោះទេ។ ទន្ទឹមនឹងនេះបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅក្នុងឃុំរយ៉ ស្រុកកោះញែក យកធ្វើជាកម្មសិទ្ធិឯកជនរាប់រយរាប់ពាន់ហិកតា ក៏មិនទាន់ឃើញលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការបង្ក្រាបទាល់តែសោះ។ ប្រការនេះហើយទើបព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច តំបន់អន្ទ្រង តំបន់ដែនជម្រកសត្វព្រៃស្រែពក និងតំបន់អភិរក្សក្នុងឃុំរយ៉ កំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។
ប្រភពពីប្រជាសហគន៍ការពារព្រៃឈើនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងដែរថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សជីវៈចម្រុះកែវសីមា កំពុងកើតឡើងយ៉ាងរាលដាលដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឌិន ប៊ុនធឿន នាយកតំបន់អភិរក្សជីវៈចម្រុះកែវសីមា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ បើតាមប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលលោក ឌិន ប៊ុនធឿន នាយកតំបន់អភិរក្សជីវៈចម្រុះកែវសីមា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ទាក់ទងនឹងបញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែលតំបន់ដែនជម្រកសត្វព្រៃនិងតំបន់អភិរក្សព្រៃឈើក្នុងខេត្តមណ្ឌលគិរី កំពុងកើតមានបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងមហន្តរាយ ៕