ឈ្មួញធំៗ៣នាក់គឺ ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និងឧកញ៉ា តុប វីដា បានសហការគ្នាកាប់ ឈើនិងដឹកជញ្ជូនឈើចេញពី តំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាង ពេញបន្ទុក ព្រោះគ្មានមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ច ពាក់ព័ន្ធណាចាត់ វិធាន ការ ទប់ស្កាត់នោះទេ។ ក្នុងនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានរក្សា ភាពស្ងៀម ស្ងាត់ក្នុងខណៈដែល ឈ្មួញធំៗទាំង៣នាក់ខាងលើនេះកំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្ទើររលាយសាបសូន្យអស់ទៅហើយ។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានារិះគន់ថាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនកំពុងធ្វើជាខ្នងបង្អែករបស់ក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ហេតុនេះហើយទើបក្រុមឈ្មួញកំពុងសម្រុកបំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើពីខេត្តមណ្ឌលគិរី ចូលទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ច្រករបៀងកង់ឡង់ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ឬច្រកប៉ុស្ដិ៍៧ យ៉ាងពេញបន្ទុក។ ប្រភពបានលើកឡើងទៀតថាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ព្រមទាំងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងរាលដាលនោះឡើយ។ ហេតុនេះហើយទើបឈ្មួញជាឧកញ៉ាច្រើននាក់និងឈ្មួញមួយចំនួនទៀតនៅតែអាចចូលកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច តំបន់អន្ទ្រង តំបន់ដែនជម្រកសត្វព្រៃស្រែពក និងតំបន់អភិរក្សជីវៈចម្រុះកែវសីមា យ៉ាងរលូនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទេនោះគឺគ្មានឈ្មួញណាអាចកាប់ឈើនិងេដឹកឈើចេញពីខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះឡើយ។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ យាយម៉ាប់ ដែលអាចកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ហើយបង្កើតរោងសិប្បកម្មកែច្នៃឈើក្នុងតំបន់នេះជាច្រើនកន្លែង គឺដោយសារមានលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាខ្នងបង្អែកយ៉ាងរឹងមាំ។ ជាក់ស្ដែងរាល់សកម្មភាពរបស់ឈ្មួញឈ្មោះ យាយម៉ាប់ ក្នុងការកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី គឺមិនដែលមានមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាបឡើយព្រោះខ្លាចឥទ្ធិពលលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ៕