ប្រជាសហគមន៍ការពារព្រៃ ព្រះរកាក្នុងស្រុកត្បែងមានជ័យ ក៏បានឲ្យដឹងដែរថា ឈ្មួញនិងក្រុមជនល្មើស ដែលមានការឃុប ឃិតជាមួយ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើសកម្មភាពកាប់ឈើ និងដឹកឈើចេញពីព្រៃ យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យព្រៃព្រះ រកាកំពុងប្រឈមនឹង សេចក្ដីវិនាស។ រីឯប្រភពពីប្រជាសហគមន៍ ការពារព្រៃព្រះរកានៅស្រុកជាំក្សាន្ត បានឲ្យដឹងថា ភាគខាងជើងឆៀងខាងកើតនៃព្រៃព្រះរកាក្នុងមូលដ្ឋានពួកគាត់កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយមានមន្ត្រីយោធាខ្លះជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទៀតផង។ ប្រការនេះជារឿងដែលលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះព្រៃព្រះរកាកំពុងប្រឈមនឹងសេចក្ដីវិនាសហើយមន្ត្រីបរិស្ថាន គឺជាអ្នកឃុបឃិតឲ្យឈ្មួញនិងក្រុមជនល្មើសកាប់ឈើខុសច្បាប់យ៉ាងពេញបន្ទុក។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថាបច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា នៅតែកើតឡើងយ៉ាងពេញបន្ទុកហើយមិនឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះឡើយ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវប្រជាពលរដ្ឋក្នុងស្រុកទាំង៣ខាងលើរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសកាប់ឈើដែលកើតឡើងយ៉ាងពេញបន្ទុកនៅតំបន់ព្រៃព្រះរកានោះទេ។ ផ្ទុយទៅវិញមន្ត្រីបរិស្ថានការពារព្រៃព្រះរកា គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញចូលកាប់ឈើដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយគ្មានញញើតអ្វីឡើយ។
មន្ត្រីក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ព្រៃព្រះរកាដែលមានទំហំប្រមាណ៩៨០០០ហិកតាជាប់ភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុកព្រោះឈ្មួញធំៗនៅតែអាចចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាយ៉ាងគគ្រឹកគគ្រេង។ សកម្មជនព្រៃឈើនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកឆែប បានឲ្យដឹងថា នៅពេលប្រជាពលរដ្ឋចូលព្រៃកាប់អុសកាប់ឈើបន្តិចបន្តួចត្រូវមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដូចជានគរបាល អាវុធហត្ថ ចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់ឡើយ។ ចំណែកក្រុមហ៊ុននិងឈ្មួញមួយចំនួនដែលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាដោយប្រើប្រាស់រថយន្តធំៗ មិនឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។បឋម