ស្រុកស្ទោង ល្បែងស៊ីសងគឺជាអំពើខុសច្បាប់ដែលសង្គមស្អប់ខ្ពើម ប៉ុន្តែលោកជឹម រីណា ដែលត្រូវបានរាជរដ្ឋាភិបាលមានសេចក្តីទុក្ខចិត្ត តែងតាំងជា អធិការស្រុកស្ទោងថ្មីៗហាក់ភ្លេចបទបញ្ជាសម្តេចអតីតនាយករដ្ឋមន្ត្រី ព្រមទាំងភ្លេចអំពីការប្តេជ្ញាតាំងចិត្តបម្រើប្រជារាស្ត្រ និងសង្គមជាតិ ដើម្បីរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ផ្ទុយទៅវិញ! អ្នកសារព័ត៌មាន បានរាយការណ៍ជូនលោកអំពីទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានយ៉ាងណាក្តី ក៏លោកមិនអើពើទាល់តែសោះ ឬមួយលោកជាប់ពាក់ព័ន្ធអ្វីនឹងម្ចាស់ទីតាំង ល្បែងស៊ីសងទាំងនោះទម្រាំអ្នកសារព័ត៌មានបញ្ជូនសារតាមរយៈ Telegram ទៅកាន់លោកក្តី តែលោកអធិការរូបនេះ នៅតែសម្ងំស្ងៀម ធ្វើមិនដឹង មិនឮ។ តើប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងរំពឹងលើសន្តិសុខក្នុងសង្គម និងភូមិឃុំមានសុវត្ថិភាពអ្វីទៀត បើលោកអធិការរូបនេះ មិនទទួលនូវការឆ្លើយតបពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានរាយការណ៍ជូនលោកយ៉ាងដូច្នេះ?
ជាក់ស្តែង ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ នៅក្នុងឃុំចំនួន 2 ឃុំកំពង់ចិនជើង និងឃុំកំពង់ចិត្តត្បូ ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងមានសិទ្ធិអំណាចធំ ពង្វក់ស្មារតី និងប្រមូលលុយខុសច្បាប់ពីប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងសេរី គ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានចាត់វិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ សូម្បីតែលោកអធិការ ជឹមរីណា ជាសមត្ថកិច្ចគ្រប់គ្រងតំបន់នៅធ្វើមិនដឹងមិនឮ អើពើអ្វីឡើយ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារសារព័ត៌មានបានធ្វើការទំនាក់ទំនងទៅលោកអធិការតាមរយៈប្រព័ន្ធ Telegram ដោយឃើញថាលោកបានចូលមើលប៉ុន្តែលោកមិនឆ្លើយតបវិញទាល់តែសោះ។ ហេតុនេះហើយទើបអាចដាក់ការសង្ស័យបានថា លោកអធិការប្រហែលជាមានការពាក់ព័ន្ធអ្វីនឹងម្ចាស់បនល្បែងស៊ីសងខុសច្បាប់មែនហើយមើលទៅ?
យោងទៅតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង មាត្រា១: ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។ មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ។
ដូច្នេះមានតែសង្ឃឹមថា ឯកឧត្តម ស សុខា និង ឯកឧត្តម សថេតនិង ស្នើសុំទៅឯកឧត្តមស្នងការខេត្តកំពង់ធំមេត្តាពិនិត្យនិងចាត់ធនធានដែលមានឆន្ទៈក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុង ឃុំកំពង់ចិនជើង និងឃុំកំពង់ចិត្តត្បូផងនិងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋសំណូមពរប្រជាពលរដ្ឋស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ធំនិងឯកឧត្តមស្នងការខេត្តកំពង់ធំជួយមានចំណាត់ការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានស្រុកស្ទូងនេះផងទាន។ “