ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានឱ្យដឹងថា រាល់ថ្ងៃទំនិញឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសឡាវ និងពីប្រទេសឡាវ មកប្រទេសកម្ពុជា បានកើតឡើងជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះមានលក្ខណៈទ្រង់ទ្រាយធម្មតា និងថ្ងៃខ្លះទៀតមានលក្ខណៈទ្រង់ទ្រាយធំ។
ប្រជាពលរដ្ឋ បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះថា ៖ រយៈពេលប៉ុន្មានថ្ងៃនេះ មានការនាំចេញអង្ករពីប្រទេសកម្ពុជា ទៅប្រទេសឡាវទាំងរថយន្តៗ ដោយឈ្មួញដឹកអង្ករតាមរថយន្តធំៗ រួចឈប់នៅមាត់ទន្លេ ហើយឱ្យកម្មករលីដាក់លើទូក កាណូត សម្រាប់នាំចេញទៅប្រទេសឡាវតែម្តង។ ក្រៅពីការនាំអង្ករកម្ពុជា ចេញទៅប្រទេសឡាវ ក៏មានការនាំប្រេង បារី និងទំនិញមួយចំនួនទៀតពីឡាវមកកម្ពុជាផងដែរ។
ប្រជាពលរដ្ឋបានបន្តទៀតថា ជាទូទៅសកម្មភាពនាំទំនិញឆ្លងដែន នៅព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ហាក់ពុំមានការត្រួតពិនិត្យ និងបង្ក្រាបពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះទេហេតុនេះហើយទើបប្រជាពលរដ្ឋស្នើសុំឲ្យអង្គភាពសារព័ត៌មានយើង ធ្វើសេចក្ដីរាយការណ៍ជូនទៅអាជ្ញាធរខេត្តព្រះវិហារមានវិធានការទប់ស្កាត់មន្ត្រីខិលខូចឈរជើងនៅទីនោះផងទៀន។