ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល បានឲ្យដឹងថា លោក ស៊ូ ទីរ់ូ និងលោក សុគន្ធដារ៉ារិទ្ធ ប្រើគ្រប់ឧបាយកលដើម្បីគាបយកលុយពីពួកគាត់ ស្រេចតែអំពើចិត្ត។ ជាងនេះទៅទៀតលោក ស៊ូ ទីរ៉ូ និងលោក សុគន្ធដារ៉ារិទ្ធ តែងប្រើឈ្មោះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងប្រើឈ្មោះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីការពារទង្វើរបស់ខ្លួន។ ដូច្នេះហើយទើបក្រុមឈ្មួញ និងអាជីវករអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញខ្លះផង កុំឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្ត។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធដារ៉ារិទ្ធិ ដែលជាប្រធាន និងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិលេខ4 ចំណុចភូមិទឹកជា ឃុំពើក ស្រុកស្នួល ត្រូវបានក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍នេះលាតត្រដាងយ៉ាងក្រឡៅៗ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ប្រសិនបើដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ត្រូវប្រឈមនឹងការពិន័យ ហើយបើផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធ ដារ៉ារិទ្ធ ដដែលមិនអាចតវ៉ាបានទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរបណ្ដោយឲ្យលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល និងលោក សុគន្ធ ដារារិទ្ធ ជាអនុប្រធានប្រព្រឹត្តអំពើពុករលួយតទៅទៀតទេ។
តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលលោក ស៊ូ ទីរ៉ូ និង លោកសុគន្ធ ដារ៉ារិទ្ធ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគឺដោយសារមានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ដែលល្បីខាងពុករលួយ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យលោក ស៊ូ ទីរ៉ូ និងលោក សុគន្ធ ដារ៉ារិទ្ធ ប្រព្រឹត្តអំពើពុករលួយពេញទំហឹងគឺដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ឥឡូវនេះរឿងអាស្រូវពុករលួយរបស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធ ដារ៉ារិទ្ធ ត្រូវបានអាជីវករម្ចាស់រថយន្តដឹកទំនិញ បើកកកាយជាសាធារណៈ មិនអាចបិទបាំងតទៅទៀតឡើយ។បឋម