ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមខេត្តសៀមរាប បានឲ្យដឹងថាឈ្មោះ ភា បានបើកល្បែងស៊ីសងគ្រប់ប្រភេទអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអធិការនគរបាលក្រុងសៀមរាបមិនហ៊ានទៅក្បែរកន្លែងបើកល្បែងខុសច្បាប់របស់ឈ្មោះ ភា នោះទេ ដោយសារតែដឹងថាមានខ្នងបង្អែករឹងមាំទើបអាចប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន។ សូម្បីតែលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏រក្សាភាពស្ងៀមស្ងាត់ដែរ បណ្ដោយឲ្យម្ចាស់សង្វៀនបញ្ចូលមាន់និងល្បែងស៊ីសងគ្រប់ប្រភេទធ្វើអ្វីៗតាមអំពើចិត្ត។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគីក្នុងនោះយ៉ាងពពាក់ពពូន ហើយមានអ្នកខ្លះចាញ់អស់លុយកាក់ទ្រព្យសម្បត្តិលុយកាក់ រថយន្ត ម៉ូតូ ជាបន្តបន្ទាប់។ សម្រាប់ថ្ងៃអាទិត្យមានបញ្ជល់មាន់គូពិសេសដាក់ដើមថាន់រាប់ពាន់ម៉ឺនដុល្លា ហើយល្បែងបៀ អាប៉ោង ក៏ចាក់លុយច្រើនៗផងដែរ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាបមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ សង្វៀនបញ្ចូលមាន់និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ជាបន្ទាន់។ ដោយហេតុថាលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាបរក្សាភាពស្ងៀមស្ងាត់ ទោះបីម្ចាស់សង្វៀនបញ្ចូលមាន់ឈ្មោះភានោះប្រព្រឹត្តបំពានច្បាប់យ៉ាងពេញបន្ទុកក៏ដោយ។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិចុងកៅស៊ូសង្កាត់ស្រក្រាមខេត្តសៀមរាប ព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ព្រោះដោយសារល្បែងស៊ីសងនោះហើយ ទើបមានអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចសព្វថ្ងៃនេះ៕