ខេត្តកោះកុង: ព្រែកក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ដែលមានទំហំ ទទឹងព្រែកប្រមាណជា ៣៥ ទៅ ៤០ម៉ែត្រ ត្រូវបានបុគ្គលម្នាក់ឈ្មោះ សំ វីរៈ ជាអ្នកមានលុយ ដឹកអាចម៍ដីមកចាក់លុបទាំង ស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បើយោងតាមប្រជាពលរដ្ឋរស់នៅក្នុង ភូមិស្មាច់មានជ័យ បានបង្ហើបប្រាប់ឲ្យដឹងថា ព្រែកដែលលោក វីរៈ កំពុងដឹកយកអាចម៍ដីមកចាក់លុបនេះ ដោយគេមាន ដីមួយកន្លែងទៀតនៅខាងលិចព្រែក បើតាមើលទៅលោកសំ វីរៈ យកអាចម៍ដីចាក់នេះដើម្បីឲ្យដីរបស់គាត់ជាប់គ្នាមានទំហំធំ វែង ។
ពលរដ្ឋបានឲ្យដឹងទៀតថា ព្រែកមួយនេះជាសរសៃ ឈាមសេដ្ឋកិច្ចរបស់ពួកគាត់ដែលប្រកបមុខបរចិញ្ចឹមជីវិតក្នុងពេលចេញទូកនេសាទ នឹងដើរឆ្លុះ ក្តាម ត្រី បង្គា នៅពេលទឹកនាច ហើយ ព្រែកមួយនេះ មានរៀងដូចអក្សរ U ស្ថិតនៅចំកណ្ដាល U ជាតំបន់ព្រៃលិចទឹក សម្បូរ ទៅដោយដើមកោងកាង និងដើម ឈើផ្សេងៗទៀតដែលជាជំរកដល់មច្ឆជាតិពងកូន ។
ប្រជាពលរដ្ឋបានត្អួញត្អែរថា បើបុគ្គល មានលុយចេះ តែដើរឆក់ដីព្រែកធ្វើជាកម្មសិទ្ធិបែបនេះ ពួកគាត់ដែលប្រកបរបរចាប់ក្តាម ខ្យង បង្គារ សំរាប់ជីវភាពប្រចាំថ្ងៃប្រាកដជាគ្មានអង្ករច្រកឆ្នាំងឡើយ។
ប្រជាពលរដ្ឋសំណូមពរដល់ លោកជំទាវអភិបាលនៃគណ: អភិបាល ខេត្តកោះកុងមេត្តាចាត់វិធានការដល់បុគ្គល សំ វីរ:ដើម្បីរក្សាស្ថានភាពមាត់ព្រែកអោយបានដូចដើមវិញ។
មិនអាចសុំប្រតិកម្ម ពីលោក ឈេង វណ្ណដាអភិបាលក្រុងខេមរ:ភូមិន្ទ បានទេដោយលោកបញ្ជាក់ជាប់រវល់ប្រជុំ។ ចំណែកលោក អាយ ភារិទ្ធ ប្រធានការិយា ល័យភូមិបាលក្រុងខេម:ភូមិន្ទក៏មិនអាចសុំប្រតិកម្មបានដែរដោយគ្រាន់តែលឺសំលេងអ្នកការសែតទូរស័ព្ទរបស់លោកលែងលឺសំលេងតែម្តងនិងខលក្រោយៗទៀតចូលតែគ្មានអ្នកទទួល។បឋម