ខេត្តព្រះវិហារ ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបានឲ្យដឹងថា បទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោក ពិន ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះឡើយ ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារមួយចំនួនបានឲ្យដឹងថា÷មន្ត្រីរដ្ឋបាលព្រៃឈើក្នុងភូមិភារកិច្ចសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំបណ្ដាលស្រុកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក នួន សុខុម នាយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សគូលែនព្រហ្មទេពព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារយ៉ាងរលូន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅ។
ដូច្នេះហើយទើបលោកស្រី អ៊ិន ស្រីម៉ៅ អាចដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែនព្រហ្មទេព ឆ្លងកាត់ជាច្រើនស្រុកទើបមកដល់
ភូមិភារកិច្ចសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលមានទីតាំងដេប៉ូច្រកចេញតែមួយ ។ រដ្ឋបាលព្រៃឈើខេត្តសៀមរាបក៏ដូចជាលោក ពិន ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក ម៉ែន សុជាតិ មន្ទីរបរិស្ថានព្រះវិហារចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួនយ៉ាងពេញបន្ទុក ។
ទី១.ឈ្មោះ រស់ សុធី អ្នកពាក់ព័ន្ធក្នុងការងារនឹងហើយមានតួនាទីជាប៉ូលីសទៀតផង
ទី២.ឈ្មោះ ខឹត សុធារ៉ា មានការពាក់ពាន់ក្នុងការងារនឹងដែរ ហើយមានតួនាទីជាអភិបាលរងក្រុងព្រះវិហារ ។
តាមការកត់សម្គាល់របស់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារបានឲ្យដឹងថា ÷ ការដែលឈ្មួញឈ្មោះ លោកស្រី អ៊ិន ស្រីម៉ៅ អាចបិទព័ត៌មាន ដោយសារលោកស្រីទំនាក់ទំនងបុគ្គលិកទូរទស្សន៍ហង្សមាសម្នាក់
ប្រចាំការក្នុងខេត្ត ជាអ្នកចែកប្រេងសាំងរាល់អ្នកសារព័ត៌មានណាចុះទៅដល់ទីតាំងដេប៉ូឈើ ដើម្បីបិទមាត់បិទកទើបអាចបន្តដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្សគូលែនព្រហ្មទេពខេត្តព្រះវិហារយ៉ាងគឃ្លើនគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រវិហារ ។
ប្រភពបានឲ្យដឹងទៀតថា÷ការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រះវិហារហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ អ៊ិន ស្រីម៉ៅ និងបក្សពួកបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលខេត្តព្រះវិហារជាកូនចៅអោយដេប៉ូឈើឈ្មោះ អ៊ិន ស្រីម៉ៅ ចេញតាមអំពើចិត្តផងដែរ ។
ដូច្នេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្មនិងប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មមិនគួរមើលរំលងភាពអសកម្មរបស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារនោះទេ ៕