ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកធ្លាប់មានឈ្មួញធ្វើសកម្មភាពចាក់ដីលុបអូររកា ម្តងរួចមកហើយ ប៉ុន្តែមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក តម្រូវឲ្យឈ្មួញកាយចេញវិញ។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះគឺចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតមកឈ្មួញចាក់ដីលុបអូររកា ជាច្រើនហិកតា មិនឃើញលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងមេឃុំព្រែកអំពឹល ចាត់វិធានការទប់ស្កាត់នោះទេ។ ប្រការនេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យលោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល ព្រមទាំងលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ពិនិត្យឡើងវិញទៅលើករណីឈ្មួញចាក់ដីលុបអូររកា នៅស្រុកខ្សាច់កណ្តាល ស្រេចតែអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រែកដូនហែម ឃុំព្រែកអំពឹល ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ឈ្មួញមានលុយមានអំណាចធ្វើសកម្មភាពចាក់ដីលុបអូររកា យកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗដោយគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋបានឲ្យដឹងថា លោក ឈឹម ម៉េង មេឃុំព្រែកអំពឹល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យឈ្មួញចាក់ដីលុបអូររកា យកធ្វើជាកម្មសិទ្ធិយ៉ាងពេញបន្ទុក។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្តាល ពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រយៈពេលច្រើនថ្ងៃកន្លងទៅនេះឈ្មួញប្រើប្រាស់រថយន្តធុនធំជាច្រើនគ្រឿងចាក់ដីចូលអូររកា ចាប់ពីចំណុចប្រម៉ូខ្លា ក្នុងភូមិពុកប្ញស្សីកណ្តាល ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល រហូតមកដល់ផ្ទៃអូររកា។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អូររកា ដែលជាប្រភពទឹកសម្រាប់ពួកគាត់ស្រោចស្រពដំណាំកសិកម្មផ្សេងៗ ពេលនេះត្រូវឈ្មួញចាក់ដីលុបយ៉ាងរលូន។ ជុំវិញករណីនេះប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងលោក ឈឹម ម៉េង មេឃុំព្រែកអំពឹល ទេនោះគឺឈ្មួញមិនអាចចាក់ដីលុបអូរដែលជាសម្បត្តិសាធារណៈរបស់រដ្ឋបានឡើយ។ បឋម