បើទោះបីរឿងអាស្រូវពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាពិសេសលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល នៅឡើយទេ។ ប្រការនេះហើយទើបលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល នៅតែហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុកព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយដោះស្រាយគ្រប់ពេលវេលា។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ខ្នងបង្អែករបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល គ្មាននរណាក្រៅពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ នោះទេ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរបណ្តែតបណ្តោយឲ្យលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល សាងភាពល្បីល្បាញខាងពុករលួយតទៅទៀតឡើយ។
ដោយហេតុថា ចាប់តាំាងពីលោក នុត លី ទទួលបានតំណែងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ គឺលោក នុត លី ប្រមូលលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល មិនអាចតវ៉ាបានឡើយ។
ប្រភពស្និទ្ធនឹងលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល បានលើកឡើងថា បើគ្មានការសម្របសម្រួលពីលោក បូរី វង្សសានិត ទេនោះគឺលោក នុត លី មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យឡើងវិញខ្លះផងព្រោះរឿងអាស្រូវពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល។មានត