ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពឈូសឆាយដីព្រៃលិចទឹកតំបន់៣និងកាយប្រឡាយធ្វើព្រំដីនៅចំណុចអូរក្របៅ និងបឹងចៅហោច តំបន់វាលក្រោម ឃុំកំពង់គោ និងឃុំសាន់គ កើតឡើងឥតឈប់ឈរហើយការបង្ក្រាបពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកគ្មានប្រសិទ្ធភាពទាល់តែសោះ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំកំពង់គោ និងឃុំសាន់គ ស្រុកកំពងស្វាយ ខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ករណីអ្នកមានលុយអ្នកមានអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ជាបន្ទាន់។
បើតាមប្រភពពីប្រជាពលរដ្ឋក្នុងឃុំកំពង់គោ និងឃុំសាន់គ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលនិងមន្ត្រីអាជ្ញធរថ្នាក់ឃុំទេនោះគឺគ្មានជនណាអាចយកគ្រឿងចក្រ ត្រាក់ទ័រ ទៅឈូសឆាយព្រៃលិចទឹកតំបន់៣ នៅចំណុចអូរក្របៅ ចំណុចបឹងចៅហោច និងតំបន់វាលក្រោម បានឡើយ។ ទន្ទឹមនឹងនេះមន្ត្រីរដ្ឋបាលជលផលក្នុងឃុំកំពង់គោ ឃុបឃិតឲ្យបទល្មើសនេសាទប្រើឧបករណ៍ច្បាប់កើតឡើងយ៉ាងរាលដាលហើយលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បែរជារក្សាភាពស្ងៀមស្ងាត់។ ហេតុនេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតឡើយ ព្រោះព្រៃលិចទឹកក្នុងឃុំកំពង់គោ និងឃុំសាន់គ កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់គោ បានឲ្យដឹងថា ករណីមន្ត្រីអាជ្ញាធរស្រុកកំពង់ស្វាយ ចុះបង្ក្រាបបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ គឺចាប់ឃាត់ត្រាក់ទ័រ១គ្រឿងនិងកងដែក១គូ។ ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីការឃាត់ខ្លួនម្ចាសត្រាក់ទ័រ និងអ្នកជាប់ពាក់ព័ន្ធនោះឡើយបើទោះបីជាគេបានដឹកបានស្គាល់អត្តសញ្ញាណម្ចាស់ត្រាក់ទ័រ និងអ្នកជាប់ពាក់ព័ន្ធយ៉ាងណាក៏ដោយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំកំពង់ស្វាយ និងឃុំកំពង់គោ និងឃុំសាន់គ គ្មានជំនឿលើមន្ត្រីអាជ្ញាធរថ្នាក់ស្រុក ក្នុងការបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងមូលដ្ឋានរបស់ពួកគាត់ព្រោះអ្នកប្រព្រឹត្តបទល្មើសនៅតែអាចគេចផុតពីវិធានការផ្លូវច្បាប់ដដែល ៕