មណ្ឌលគីរី÷ សកម្មភាពរថយន្តស៊េរីទំនើប ជាច្រើនសិបគ្រឿងបានដឹកជញ្ជូនបទល្មើសព្រៃឈើ យកទៅឆ្លងដែនតាមច្រកដាក់ដាំចូលទៅប្រទេសវៀតណាម ស្ទើររាល់យប់ មិនដែលមានមន្ត្រីជំនាញឬមន្ត្រីដែលពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីណាម្នាក់ហ៊ានបង្ក្រាបនិងទប់ស្កាត់នោះទេ ដែលធ្វើអោយមហាជន ទូទៅដាក់ការសង្ស័យថា ប្រហែលជាសមត្ថកិច្ចទាំងនោះត្រូវរ៉ូវជាមួយនឹងក្រុមឈ្មួញនេះហើយមើលទៅបានជាមិនហ៊ានបង្ក្រាបព្រោះខ្លាចប៉ះពាល់ដល់ផលប្រយោជន៍មានបានផ្ទាល់ខ្លួន។
បើតាមប្រភពព័ត៌មានច្បាស់ការបានប្រាប់អង្គភាពសារព័ត៌មាន រស្មីឦសាន យើងឲ្យដឹងថា ការដឹកជញ្ជូនឈើទាំងនេះ គឺដឹកចេញពីផ្ទះរបស់ឈ្មោះ យាយ រឿន ស្ថិតនៅ ចំណុច ដេអេ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លុះមកដល់មុខសាលាឃុំ រម្យនា ក៍បត់ចូលទៅតាមផ្លូវលំគ្រួសក្រហមវាងក្រុងសែនមនោរម្យ ចេញនៅផ្លូវឆ្ពោះទៅច្រកដាក់ដាំតែម្ដង។
ហើយនៅក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនេះដែរក៏ត្រូវបាន ក្រុមអ្នកសារព័ត៌មានយើងស្គាល់យ៉ាងច្បាស់ថាមានមេការ ឈ្មោះលោករិទ្ធដែលជាមេក្លោងនិងលោកណាងជាអ្នកមើលការខុសត្រូវតាមដងផ្លូវ និងជួយសម្របសម្រួលដល់សមត្ថកិច្ចជំនាញនៅតាមដងផ្លូវជារៀងរាល់យប់ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនរាល់បទល្មើសព្រៃឈើរបស់ក្រុមខ្លួន ហើយនឹងមានអ្នកមើលផ្លូវជួយសម្របសម្រួលជាច្រើននាក់បន្ថែមទៀតនៅតាមចំណុចគោលដៅនីមួយៗ ហេតុដូច្នេះហើយបានជានៅក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីមានការរលូនជារៀងរាល់យប់ ហើយធ្វើឱ្យមិនរំខានដល់មន្ត្រីជំនាញគ្រាក់ៗនៅក្នុងខេត្តទៀតផង។
មហាជនគ្រប់មជ្ឈដ្ឋានក៏បានសំណូមពរទៅដល់ឯកឧត្តម ស្វាយសំអៀង ដែលជា អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ហែម ប៊ុណ្ណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី មេត្តាជួយពិនិត្យទៅលើកូនចៅក្រោមឱវាទ ដែលឈរជើងនៅតាមស្នាក់ការនិងចំណុចគោលដៅនីមួយៗ ឲ្យចុះធ្វើការមានប្រសិទ្ធភាពផងទាន ដើម្បីកុំឱ្យពួកគេមើលឃើញតែផលប្រយោជន៍មានបានផ្ទាល់ខ្លួនហើយឃុបឃិតបង្កើតអំពើពុករលួយ ដោយមិនខ្លាចញញើតនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំនៅក្នុងខេត្តទាំងមូលនេះទៀតផង ៕