កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រថយន្តម៉ាកធុនដ្រា ជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីចំណុចដេអេ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងសុខស្រួល។
បើតាមមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែល ឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១សប្តាហ៍កន្លងទៅនេះឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ណាង ប្រើប្រាស់រថយន្តម៉ាក់ធុនដ្រា ជាច្រើនគ្រឿងដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១ចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងពេញបន្ទុក។
ប្រភពស្និទ្ធនឹងលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបករណីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុកនោះទេ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ជាបន្ទាន់។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ក្នុងមួយយប់ៗឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ណាង ប្រើប្រាស់រថយន្តម៉ាកធុនដ្រា ជាច្រើនគ្រឿងដឹកជញ្ជូនឈើរាប់សិបម៉ែត្រគូបចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងរលូនតែម្តង។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកកែវសីមា ស្រុកកោះញែកនិងស្រុកពេជ្រាដា កំពុងប្រឈមនិងសេចក្តីវិនាសព្រោះឈ្មួញឈ្មោះ រិទ្ធ ឈ្មួញឈ្មោះ ណាង និងឈ្មួញដទៃទៀតនៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក។
បញ្ហាដែលគួរឲ្យកត់សម្គាល់នោះគឺលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលប្រព្រឹត្តបទល្មើសព្រៃឈើ ៕