ប្រភពពីមន្ត្រីយោធាខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ស៊ាម គឹមទឹម នៅតែបន្តស កម្មភាពដឹក ជញ្ជូន ឈើនៅពេលយប់ពី ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ យកទៅចែកចាយតាមបណ្ដា ខេត្តមួយចំនួនដូ ចជាខេត្ត ត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ជាដើម ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប្រភពបានឲ្យដឹងថាមេឈ្មួញ ស៊ាម គឹមទឹម តែងតែយកឈ្មោះ លោក ណៃ តឹងឡឹង មេបញ្ជាការយោធាខេត្តក្រចេះ ទៅប្រើដើម្បីឲ្យសកម្មភាពដឹកជញ្ជូនឈើរបស់ខ្លួនប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដែលចេញវិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តក្រចេះ កាលពីពេលថ្មីៗកន្លងទៅនេះក៏មិនហ៊ានប៉ះពាល់មេឈ្មួញ ស៊ាម គឹមទឹម ដែលជាមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ នោះដែរព្រោះសុទ្ធតែជាគ្នាឯងហើយមានផលប្រយោជន៍រួមគ្នាជាយូរមកហើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ស៊ាម គឹមទឹម មានឃ្លាំងស្តុកឈើប្រភេទលេខ២ ដ៏ធំមួយកន្លែងក្នុងភូមិស្រែស្បូវ ហើយបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ក្រុងក្រចេះ ចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានលើកឡើងថាមេឈ្មួញ ស៊ាម គឹមទឹម ជាមន្ត្រីយោធាសឹករងខេត្តក្រចេះ ហើយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសំបូរ ខេត្តក្រចេះ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងនោះលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ គឺជាអ្នកឃុបឃិតឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសំបូរ ធ្វើអ្វីៗតាមអំពើចិត្តហើយទុកឲ្យមេឈ្មួញ ស៊ាម គឹមទឹម បន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញបន្ទុក។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្បាលដំរី ស្រុកសំបូរ បានឲ្យដឹងថា មេឈ្មួញ ស៊ាម គឹមទឹម មានឃ្លាំងស្តុកឈើប្រភេទលេខ២ ដ៏ធំក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ហើយមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មនៅខេត្តក្រចេះ ក៏មិនដែលទៅក្បែរទីតាំងស្តុកឈើរបស់មេឈ្មួញ ស៊ាម គឹមទឹម នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ នោះដែរព្រោះដឹងថាឈ្មួញម្នាក់នេះមានបង្អែករឹងមាំ។ បើតាមប្រភពពីមន្ត្រីយោធានៅក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ មួយចំនួនបានឲ្យដឹងថា លោក ណៃ តឹងឡឹង មេបញ្ជាការយោធាខេត្តក្រចេះ គឺជាបង្អែករឹងមាំរបស់មេឈ្មួញ ស៊ាម គឹមទឹម ទើបមេឈ្មួញម្នាក់នេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។