មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នក្នុងបនល្បែង ស៊ីសងរបស់លោក ស្រ៊ុន មានបើកលេងល្បែងភ្នាល់ ច្រើនប្រភេទជាពិសេសល្បែង បញ្ជល់មាន់ បៀអាប៉ោង ជា ដើមហើយ មានអ្នកចូលលេងកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំកក់ បានឲ្យដឹងថា អ្នកគ្រប់គ្រងបនល្បែងគឺលោក ស្រ៊ុន ហើយមានមេការឈ្មោះ ណាង ជាអ្នកកាងបនល្បែងនេះយ៉ាងក្រអឺតក្រទមដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយដោះស្រាយ។ អ្នកចូលរួមលេងល្បែងមានមន្ត្រីរាជការធំៗ និងឧកញ៉ា ក៏ដូចជាអ្នកមានជីវភាពធូរធារជិះរថយន្តទំនើបៗ ហើយក៏មានមន្ត្រីយោធា មន្ត្រីអាវុធហត្ថ និងសមត្ថកិច្ចនគរបាលចូលលេងល្បែងស៊ីសងក្នុងបនល្បែងរបស់លោក ស្រ៊ុន ផងដែរ។ ប្រភពខ្លះបានឲ្យដឹងថាលោក ស្រ៊ុន បានចំណាយលុយប្រចាំខែរាប់ម៉ឺនដុល្លារទៅឲ្យមន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ទើបអាចបើកល្បែងស៊ីសងប្រកបដោយសុវត្ថិភាព។
ប្រភពពីប្រជាពលរដ្ឋនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នបនល្បែងស៊ីសងរបស់លោក ស្រ៊ុន ក្រោយផ្ទះសំណាក់ភូមិយើង ត្រូវបានពង្រីកកាន់តែធំឡើងៗហើយក៏មានអ្នកចូលលេងកាន់តែច្រើនឡើងៗផងដែរ។ ករណីល្បែងស៊ីសងច្រើនប្រភេទនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ក៏ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
ប្រភពពីអ្នកធ្លាប់ចូលទៅដល់បនល្បែងរបស់លោក ស្រ៊ុន នៅខាងក្រោយផ្ទះសំណាក់ភូមិយើង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ស្រ៊ុន ពង្រីកល្បែងស៊ីសងកាន់តែខ្លាំងឡើងៗព្រោះអាងមានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តត្បូងឃ្មុំ ជាបង្អែករឹងមាំរបស់ខ្លួន។ ជាការពិតលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏ដូចជាលោក ជាម ច័ន្ទសៅភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេបនល្បែងគឺលោក ស្រ៊ុន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចធំៗក្នុងខេត្តត្បូងឃ្មុំ ទេនោះគឺលោក ស្រ៊ុន និងលោក ណាន មិនអាចបើកល្បែងស៊ីសងយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ៕