សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំអូរប្ញស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានបង្ក្រាបរថយន្តសាំយ៉ុងប្រភេទទេសចរណ៍ចំនួន២គ្រឿងដែលដឹកឈើកកោះ ប្រភេទលេខ១ ដើម្បីចាត់វិធានការតាមច្បាប់។ ប្រភពពីសមត្ថកិច្ចឃុំអូរប្ញស្សីកណ្ដាល បានឲ្យដឹងថា រថយន្តសាំយ៉ុងទាំង២គ្រឿងនោះដឹកឈើកកោះប្រភេទលេខ១ ឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែង ចូលទៅខេត្តក្រចេះ ហើយត្រូវនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបនៅចំណុចភូមិអូរប្ញស្សីកណ្ដាល ឃុំអូរប្ញស្សីកណ្ដាល ស្រុកសៀមបូក រួចប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកចាត់ការតាមនីតិវិធី។ ប៉ុន្តេដំណាក់ការរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ត្រូវមជ្ឈដ្ឋាននានាវាយតម្លៃថា គ្រាន់តែធ្វើឲ្យល្អមើលព្រោះឈ្មួញធំៗដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង និងរថយន្តទំនើបៗទាំងខ្សែៗមិនឃើញសមត្ថកិច្ចបង្ក្រាបឡើយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់ទាំងយួនទាំងខ្មែរនៅតែដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលទៅខេត្តក្រចេះ និងខេត្តរតនគិរី យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឬសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតចាត់វិធានការបង្ក្រាបនោះទេ។ យូរៗម្តងទើបកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងទៅ២គ្រឿងដើម្បីបង្ហាញស្នាដៃរបស់ខ្លួន ដោយសារតែឈ្មួញម្ចាស់រថយន្តដឹកឈើទាំងនោះមិនបង់លុយតាមការកំណត់។ ចំណែកឈ្មួញដែលបង់លុយតាមការកំណត់របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់ទាំងយួនទាំងខ្មែរនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីស្រុកសៀមប៉ាង ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ចូលទៅខេត្តក្រចេះ និងខេត្តរតនគិរី យ៉ាងគគ្រឹកគគ្រេង។ ករណីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើកកោះ ២គ្រឿងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ គ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះអត្តសញ្ញាណឈ្មួញម្ចាស់ឈើមិនត្រូវបានសមត្ថកិច្ចលាតត្រដាងនៅឡើយទេ។ ជាងនេះទៅទៀតបច្ចុប្បន្នឈ្មួញខ្មែរនិងឈ្មួញយួនមួយចំនួនដឹកជញ្ជូនឈើតាមក្បួនរថយន្តទាំងខ្សែៗពីខេត្តស្ទឹងត្រែង ចូលខេត្តរតនគិរី និងខេត្តក្រចេះ មិនដែលឃើញសមត្ថកិច្ចបង្ក្រាបទប់ស្កាត់តាមតួនាទីរបស់ខ្លួនឡើយ។