ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឈ្មោះ សុខ ជា ដែលជាមេការគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីបាយអូថេក បានដឹកនាំកម្មករក្រុមហ៊ុននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនឲ្យចូលព្រៃឡង់កាប់ឈើអារច្រៀកឈើដឹកចេញយ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា រយៈពេលប្រមាណជាង១សប្ដាហ៍ដើមខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនស៊ីបាយអូថេក បានបំផ្លាញដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចអស់រាប់រយដើម ហើយគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ក្រុមហ៊ុនស៊ីបាយអូថេក បានប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួន ហើយបំពានកាប់ឈើក្នុងព្រៃឡង់នៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង យ៉ាងពេញបន្ទុកព្រោះមានមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកសម្របសម្រួលដើម្បីផលប្រយោជន៍។
ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមហ៊ុនស៊ីបាយអូថេក (Ci-Biotech Co., Ltd) ធ្វើសកម្មភាពបំផ្លាញព្រៃឡង់នៅចំណុចអូរគ្រាក់យ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអាជ្ញាធរ គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនស៊ីបាយអូថេក កាប់ឈើអារច្រៀកឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កំពុងនាំគ្នារក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យក្រុមហ៊ុនស៊ីបាយអូថេក ធ្វើសកម្មភាពបំផ្លាញព្រៃឡង់យ៉ាងពេញបន្ទុក ហើយសូម្បីតែដើមច្បោះជ័ររបស់ជនជាតិដើមភាគតិចក៏ត្រូវក្រុមហ៊ុនស៊ីបាយអូថេក កាត់រំលំអារច្រៀកដឹកជញ្ជូនចេញពីព្រៃឡង់តាមអំពើចិត្តដែរ។
បើតាមប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឲ្យដឹងថាក្រុមហ៊ុនស៊ីបាយអូថេក ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ៣៤០០៧ហិកតា កាលពីខែមិថុនា ឆ្នាំ២០១២ នៅក្នុងតំបន់ព្រំប្រទល់រវាងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក៏ប៉ុន្តែជាក់ស្ដែងក្រុមហ៊ុនស៊ីបាយអូថេក មិនបានអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកិច្ចសន្យាវិនិយោគនោះទេ ហើយបែរជាបំពានកាប់ឈើក្នុងតំបន់ព្រៃឡង់នៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រួចអារច្រៀកដឹកជញ្ជូនចេញទៅស្រុកយួន យ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យឡើងវិញអំពីបញ្ហានេះហើយចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ក្នុងឃុំសៀមបូក ស្រុកសៀមបូក ប្រកបដោយប្រសិទ្ធភាព។