ប្រភពស្និទ្ធនឹងលោក យឹម ផល្លី មេគយចល័តតំបន់៥ បានឲ្យដឹងថា ដោយសារអាងមានលោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជាបង្អែករឹងមាំទើបលោក យឹម ផល្លី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
ប្រភពបានឲ្យដឹងទៀតថា លោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីធំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបលោក គុណ ញឺម អគ្គនាយកគយ ញញើតមិនហ៊ានប៉ះពាល់លោក យឹម ផល្លី មេគយចល័តតំបន់៥។
ប្រការនេះហើយទើបបច្ចុប្បន្នលោក យឹម ផល្លី មេគយចល័តតំបន់៥ សាងភាពល្បីលបាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយតែងប្រើឈ្មោះលោក កើត សុធារ៉ា ដើម្បីការពារទង្វើរបស់ខ្លួន។
ប្រភពពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាមេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា រួចមកគឺលោក យឹម ផល្លី ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយមិនខុសពីលោក ឈួន សោភា នោះទេ។ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា ក្រុមគយចល័តតំបន់៥ ប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅតែគាបយកលុយលើតុក្រោមតុពីពួកគេយ៉ាងត្រជាក់ចិត្តដដែល។
ក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការគល់ស្ពានថ្លា ផ្លូវជាតិលេខ៥ បានទន្ទេញឈ្មោះ លោក យឹម ផល្លី មេគយចល័តតំបន់៥ ជាប់មាត់ហើយធ្វើសកម្មភាពគាបយកលុយលើតុក្រោមតុពីឈ្មួញនិងអាជីវករយ៉ាងសុខស្រួល។
គួររំលឹកដែរថា កាលនៅធ្វើជាអនុប្រធានគយចល័តតំបន់៥ គឺលោក យឹម ផល្លី ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ហើយក្រុមឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាប និងរាជធានីភ្នំពេញ គឺជាប្រភពចំណូលរបស់លោក យឹម ផល្លី តែម្តង។
ឥឡូវនេះ ក្រោយពេលទទួលបានតំណែងជាមេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា គឺលោក យឹម ផល្លី ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយលើតុក្រោមតុតាមអំពើចិត្តហើយលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនហ៊ានប៉ះពាល់លោក យឹម ផល្លី នោះទេ។ ហេតុនេះលោក អូន ព័ន្ធមមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក យឹម ផល្លី មេគយចល័តតំបន់៥ កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។មានត