កណ្តាល ៖ តាមប្រភពព័ត៌មានអោយដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ហើយត្រូវអ្នកពឹងពាក់ដាក់ពាក្យបណ្តឹង ។
ប្រភពព័ត៌មាន ដដែលបន្តថា ក្រោយការសាកសួររួចមក លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
អ្នកដឹងរឿងច្បាស់ បញ្ជាក់ថា លោក តុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារ អោយនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ នោះទេ ពោលគឺរឿងអ្វី ក៏រត់ការដោះលែង បានដែរ ។ ឥទ្ធិពលរបស់លោក តុង ដារ៉ា បែបនេះ មិនដឹងមានអ្នកណានៅពីក្រោយខ្នង ដើម្បីកាងនោះទេ ។
ប៉ុន្តែ ដោយសារយកលុយពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និង រាប់ម៉ឺនដុល្លារ ដោយយកលេស ថា យកលុយនេះ ទៅអោយតុលាការ ដើម្បីសុំដោះលែងជនជាប់ចោទអោយនៅក្រៅឃុំ តែទីបំផុតលុយទាំងអស់នោះ លោក តុង ដារ៉ា បានយកទៅចាយអស់ ហើយជនជាប់ឃុំ នៅតែជាប់ឃុំក្នុងពន្ធនាគារ ដដែល ទើបធ្វើអោយអ្នកពឹងពាក់ខឹង ក៏ដាក់ពាក្យបណ្តឹងអោយតុលាការចាត់ការតាមផ្លូវច្បាប់តែម្តង ។
រឿងរត់ការដោះលែងជនជាប់ឃុំអោយនៅក្រៅឃុំ នេះ មិនមែនមានតែលោក តុង ដារ៉ា នោះទេ ពោលគឺ នៅមានមន្ត្រីពន្ធនាគារផ្សេងទៀតក្នុ ងពន្ធនាគារខេត្តកណ្តាល ក៏ចេះរកស៊ី រត់ការដោះលែង នេះដែរ ៕