ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូនបានឱ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៤ និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោយពីបានទទួលនូវពាក្យបណ្ដឹងរបស់គ្រួសារកុមារីរងគ្រោះក្នុងករណីចាប់រំលោភសេពសន្ទវៈទៅលើកូនស្រីរបស់ខ្លួន។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗនោះលោកវរសនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូនបានដាក់បទបញ្ជា និងចុះស្រាវជ្រាវធ្វើការឃាត់ខ្លួនយុវជនជាជនសង្ស័យចំនួន៣រូប ៖
ទី១,ឈ្មោះសៅ រតនា ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ។
ទី២,ឈ្មោះហៀង ប្រុស ហៅ(លាង)ភេទប្រុសអាយុ ១៨ ឆ្នាំមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
និង៣,ឈ្មោះនី បូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅក្នុងនោះមានជនសង្ស័យម្នាក់រត់គេចខ្លួនឈ្មោះ ឡា ពិសិដ្ឋ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មានទីលំនៅភូមិពិស្ដារ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចទៅលើកុមារីរងគ្រោះ។ ក្នុងរបាយការណ៍របស់សមត្ថកិច្ចបាបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ វ ដ អាយុ១៥ឆ្នាំមានទីលំនៅនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា កន្លែងកើតហេតុនៅចំណុចបុរីងិនវិត ស្ថិតក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យដែលកំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។ ចំណែកជនសង្ស័យ៣ រូបសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕