កំពង់ធំ ៖លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ១០ រូបដើម្បីឆ្លើយតប ទៅនឹងការខិតខំប្រឹងប្រែងអនុវត្តនិងគោរពនូវបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ក្នុងការបម្រើអង្គភាព និងបម្រើប្រជាជន។
ពិធីបំពាក់ឋានន្តរសក្តិនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំនួន ១០រូប ក្នុងនោះមានថ្នាក់វរសេនីយ៍ឯក ចំនួន ៦រូប-ថ្នាក់ពលបាលឯក ចំនួន ២ រូប និងថ្នាក់នាយឯកចំនួន ២រូប ពិធីនេះ បានធ្វើឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការចូលរួមលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នៅ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ។
លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល បានថ្លែងថា ការបំពាក់ឋានន្តរសក្តិនិងប្រកាសមុខងារ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងមានទំនុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន កងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការរួម ចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល ។
លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំបានឡើង ការប្តេជ្ញាចិត្ត ខិតខំអនុវត្តការងារជូនអង្គភាព ១-ប្តេជ្ញា ខិតខំបំពេញភារកិច្ច អនុវត្តតាមអនុក្រឹត្យលេខ៧៧អនក្រ របស់រាជរដ្ឋាភិបាល ២ – ប្តេជ្ញា ខិតខំអនុវត្តការងារជំនាញ និងរាល់បទបញ្ជារបស់ថ្នាក់លើ ឱ្យបានសម្រេច១០០ភាគរយ ៣ – ប្តេជ្ញា ខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋានដែនដី និងស្ថាប័នពាក់ជុំវិញខេត្ត ឱ្យបានល្អ ៤ – សាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ៕